(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប្រាប់ដល់អង្គភាព និងអង្គការ សមាគមដែលរៀបចំសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាល ជំនាញផ្នែកសារព័ត៌មាន ត្រូវជូនដំណឹងមកក្រសួងជាមុន ដើម្បីមានកិច្ចសហការជាមួយគ្នា សម្ដៅឲ្យការបណ្ដុះបណ្ដាលកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត។

ក្នុងលិខិតរបស់លោក ខៀវ កាញារីទ្ធ ដែលផ្ញើជូនម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការ សមាគមអ្នកសារព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអះអាងថា កន្លងមកក្រសួងសង្កេតឃើញថា អង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួន បានរៀបចំសិក្ខាសាលា និងបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកសារព័ត៌មាន ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារលើវិស័យព័ត៌មាន និងជាពិសេស ក្រុមយុវជនដែលមានបំណងចង់បំពេញការងារលើវិស័យព័ត៌មានទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប៉ុន្តែពុំមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើការអប់រំបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវតាមក្រឹតក្រមក្បួនខ្នាតក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅឡើយ។

ដើម្បីធ្វើការអប់រំ បណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សលើវិស័យសារព័ត៌មាន ឲ្យចំគោលដៅមានគុណភាព និងមានការទទួលខុសត្រូវ ក្នុងការបំពេញការងារ ជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ព្រមទាំងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអង្គការ សមាគមដែលមានបំណងរៀបចំសិក្ខាសាលា ឬបើកវគ្គបណ្តុះបណ្តាលលើវិស័យសារព័ត៌មានក្រៅពីអង្គភាពរបស់ខ្លួន ត្រូវជូនដំណឹងជាមុនមកក្រសួងព័ត៌មាន ដើម្បីមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការអប់រំ បណ្តុះបណ្តាលលើវិស័យសារព័ត៌មានដ៏មានសារសំខាន់នេះ កាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ថែមទៀត៕