(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលទីម័រខាងកើត ជំរុញឱ្យបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០១។

ការបង្ហាញឆន្ទៈក្នុងការជំរុញឱ្យបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបជាមួយ លោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទីម័រខាងកើត តាមប្រព័ន្ធវីដេអូ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ៖ «រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឱ្យភាគីពាក់ព័ន្ធទាំងពីរពិនិត្យលទ្ធភាពបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលមានស្រាប់»

ទំហំពាណិជ្ជកម្មកម្ពុជា-ទីម័រខាងកើត មានប្រមាណជាង ៣០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

ក្នុងជំនួបរវាងខាងលើនោះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានអបអរសាទរគ្នា ចំពោះការរីកចម្រើន និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ជាច្រើនទៀត និងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនបីផ្សេងទៀត ដូចជា៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី (១.) កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ (២.) កិច្ចសហប្រតិបត្តិការទូទៅវិស័យពាណិជ្ជកម្ម និង (៣.) កិច្ចសហការបច្ចេកទេសនៃមជ្ឈមណ្ឌលដឹកជញ្ជូនជាតិ៕