(កណ្ដាល)៖ បុរសម្នាក់ស្រវឹងស្រា ដៃប្រដាប់ដោយដាវសាមូរ៉ៃចូលទៅកាប់ម្ចាស់ហាងកាហ្វេមួយនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ.

ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ បន្ទាប់ពីជនបង្កធ្វើសកម្មភាពរួច។ សមត្ថកិច្ចប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះ មានឈ្មោះ ហេង វុត្ថា អាយុ៣៧ឆ្នាំ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរបុគ្គលិកសណ្ឋាគារ។ រីឯជនសង្ស័យឈ្មោះ កែវ សិរីបុត្ររតន: ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការធ្វើសកម្មភាពកាប់ដ៏សហាវឃោឃៅនេះ បណ្ដាលឱ្យខូចខាតនូវសម្ភារៈមួយចំនួនរួមមាន៖ កុំព្យូទ័រ១គ្រឿ ងនិងកែវមួយចំនួនធំ។

ពេលជនរងគ្រោះកំពុងតែឈរឆុងកាហ្វេដាក់ឲ្យភ្ញៀវ ពេលនោះស្រាប់តែជនសង្ស័យក្នុងស្ថានភាពស្រវឹងស្រា បានជិះម៉ូតូមកឈប់ដោយដៃកាន់ដាវមួយដើមដើរចូលទៅក្នុងហាងកាហ្វេ ស្រែកឡូឡាដាក់ភ្ញៀវ និងម្ចាស់ហាង (ជនរងគ្រោះ) និងបានយកដាវកាប់កែវ និងកុំព្យូទ័របណ្តាលឲ្យខូចខាត រួចហើយជិះម៉ូតូគេចខ្លួនបាត់ទៅ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំង ជំនាញក្រុងតាខ្មៅបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕