(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចែករំលែកនូវចំណេះដឹងរបស់លោកស្រី បន្ទាប់ពីបានតាមដាននូវព័ត៌មានការវិវត្តន៍ថ្មី នៃការបង្ការការពារ ការចម្លងវីរុសកូវីដ១៩ នៅលើពិភពលោក។

លោកស្រីបន្តថា ឆ្លងការបទពិសោធន៍នៃប្រទេសនៅលើពិភពលោក រួមទាំងប្រទេសអភិវឌ្ឍន៍ផងដែរនោះ បានយល់ឃើញពីសារសំខាន់បំផុត នៃការលាងសម្អាតដៃឲ្យ បានជាប់លាប់ជាប្រចាំ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ បន្ថែមពីការពាក់ម៉ាស ដែលការពារបានតែច្រមុះ និងមាត់នោះ។

លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «ជាការដកពិសោធន៍នៅបណ្តាប្រទេសផ្សេងៗ ការពាក់ម៉ាស គឺការពារបានតែច្រមុះ និងមាត់ទេ ដោយឡែកភ្នែក និងត្រចៀកយើងអត់មានអីគ្របបានទេ អីចឹងហើយសំខាន់ គឺការលាងដៃ [...] ខ្ញុំអំពាវនាវឲ្យក្រុមគ្រូពេទ្យ ជាពិសេសការណែនាំទៅប្រជាពលរដ្ឋថា លាងដៃ គឺជាការសំខាន់ណាស់ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩»

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញក្រៅផ្ទះ ហើយចេញចូលកន្លែងសាធារណ ដូចជាបើកទ្វារ ឬប៉ះពាល់នូវវត្ថុសាធារណផ្សេងៗ សូមលាងសម្អាតដៃឲ្យបានត្រឹមត្រូវ និងជាប្រចាំដើ ម្បីការពារការឆ្លងជំងឺកូវីដ១៩៕