(ព្រះវិហារ)៖ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារតំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត អមដំណើរដោយលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប និងក្រុមការងារជាច្រើនរូបទៀត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ព្រមទាំងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ និងបងប្អូនអាជីវករ រស់នៅឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរ ស្រុកឆែប ត្រូវមានការប្រុងប្រយ័ត្នការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះលោក ស៊ូ សិរី បានថ្លែងណែនាំឲ្យកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើលការឆ្លងដែនចេញចូលក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានល្អ ដាច់ខាតមិនឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ចំពោះមេខ្យល់ដែលនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ បើចាប់បានគឺមិនត្រូវអត់ឱនអោយនោះទេ គឺត្រូវអនុវត្តន៍ទៅតាមច្បាប់ធ្វើការផ្តន្ទាទោស។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងប្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករយើងពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលការគិតគូរយកចិត្តទុកដាក់របស់សម្តេចនេះ គឺដើម្បីប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ករណីនេះសូមបងប្អូន ប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា ពិសេសគោរព និងអនុវត្តន៍ឲ្យបានតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេច គឺ «៣ការពារ និង៣កុំ»

ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងជម្រាបជូបងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករយើងពីវិធានការការពារខ្លួនកុំឲ្យជំងឺឆ្លងកូវីដ១៩ ដោយបានលើកឡើងថា «ប្រជាពលរដ្ឋយើងអាចប្រកបអាជីវកម្មដោះដូរទំនិញគ្នាបាន តាមរបៀបថ្មី ប៉ុន្តែការដោះដូរនេះសូមធ្វើនៅត្រង់ចំណុចព្រំដែន សូមកុំចូលទៅខាងដីគេឆ្ងាយពេក កាលណាបងប្អូនចូលទៅក្នុងដីគេឆ្ងាយ ពេលត្រឡប់មកវិញតម្រូវឲ្យបងប្អូនធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ដែលអាជ្ញាធរខេត្តស្រុក បានរៀបចំរួចជាស្រេច នៅឃុំកំពង់ស្រឡៅមួយយើងនេះ»

ដូចនេះសូមបងប្អូនយើងធ្វើការដោះដូរទំនិញនៅត្រឹមចំនុចព្រំដែន តាមរបៀបថ្មីដូចខាងក្រោម៖

*ទី១៖ បងប្អូនអាចដោះដូរទំនិញគ្នាដោយមិនជួបគ្នាគឺទំនាក់ទំនងតាមរយៈទូរសព្ទ (ឧ. ខាងឡាវកំម៉ង់ទិញអង្ករពីបងប្អូន ៥០០គីឡូក្រាម នៅពេលដែលបងប្អូនបានជជែកត្រូវថ្លៃគ្នាហើយ បងប្អូនយកអង្ករទៅដាក់នៅមាត់ច្រាំងទន្លេ ដោយប្រាប់ខាងឡាវគាត់យកកាណូតមកទទួលយកអង្ករនោះ ដោយមានតែម្នាក់អាចជួបជាមួយបងប្អូន ដើម្បីទូទាត់ប្រាក់ ប៉ុន្តែម្នាក់នោះត្រូវ ស្គេនកំដៅ ពាក់ម៉ាស និងលាងដៃនឹងជែល មុននឹងមកជួបបងប្អូន ហើយការជួបគ្នានេះត្រូវធ្វើនៅក្បែរនឹងច្រាងទន្លេដែរ និងត្រូវអង្គុយ ឬឈរ មានគន្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រកន្លះ និងមិនត្រូវប្រើពេលវេលាយូរទេ បើមិនចាំបាច់។ បន្ទាប់ពីទូទាត់ប្រាក់ បងប្អូនត្រូវលាងដៃនឹងសាប៊ូ ឬ gel លាងដៃ។

*ទី២៖ បងប្អូនអាចដោះដូរទំនិញដោយជួបគ្នាបាន ប៉ុន្តែមិនត្រូវជួបគ្នាច្រើន និងមិនត្រូវប្រើពេលយូរបើមិនចាំបាច់ ការជួបគ្នានោះក៏ត្រូវធ្វើនៅច្រាងទន្លេរដែរ។ ខាងឡាវមុននឹងឡើងមកជួបបងប្អូនត្រូវស្គេនកំដៅ ពាក់ម៉ាស និងលាងដៃនឹងសាប៊ូ ឬ gel លាងដៃ ហើយពេលជួបគ្នាត្រូវអនុវត្តន៍តាមការណែនាំខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺ «៣កុំ និង៣ការពារ»

នៅក្នុងឱកាសនោះដែរ ក្រុមការងារក៏បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងនៅតាមព្រំដែនផងដែរ ដោយឡែកលោកសុខ សាន្តតារ៉ា អភិបាលស្រុកឆែប ក៍បានឧបត្ថម្ភថវិកា១លានរៀល ជូនកងកម្លាំងទាំង៣ ដើម្បីលើកទឹកចិត្តផងដែរ៕