(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារបន្ដ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំនេះ បានរៀបចំជាពីរផ្នែក ដោយមានចាក់ស្លាយជូននាយទាហាន នាយទាហានរង ទស្សនាសមិទ្ធផល ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ផ្សព្វផ្សាយបទបញ្ជា និងអនុសាសន៍របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជាអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធជំងឺកូវីដ-១៩ និងបំពាក់ឋានន្តរស័ក្កិជូន នាយទាហាន ដែលទទួលបានស្នាដៃ ចំនួន១២រូប។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ក្នុងនាមជាមេបញ្ជាការ សូមកោតសសើរចំពោះនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលកន្លងមកបានបំពេញភារកិច្ចចាំបាច់ជូនជាតិ និងរាជរដ្ឋាភិបាល ជាពិសេសបានការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បានយ៉ាងល្អប្រសើរ។

លោកមេបញ្ជាការ បានសង្គត់ធ្ងន់ថា រយៈពេល១ឆ្នាំនេះ កងកម្លាំងអាវុធហត្ថបានបំពេញបេសកម្ម បង្ការ បង្ក្រាប សង្គ្រោះ ព្រមទាំងការងារមនុស្សធម៌ តាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា។ ដោយឡែកការងារបង្ក្រាបបទល្មើសធនធានធម្មជាតិវិញ កម្លាំងបានសហការជាមួយជំនាញ បង្ក្រាបរាល់ការជួញដូរសត្វព្រៃ ដឹកជញ្ជូនឈើខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាច្រើន បញ្ជូនទៅកាន់សាលាដំបូងខេត្ត។

លោកមេបញ្ជាការ បានក្រើនរំលឹកដល់មន្ដ្រីទាំងអស់ ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដែលនៅតែជាបញ្ហាប្រឈម និងគ្រោះថ្នាក់ជះឥទ្ធពលដល់ជីវភាពរស់នៅ គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ មជ្ឈដ្ឋានអគតិឆ្លៀតយកឱកាសលំបាកនេះធ្វើការញុះញង់បង្កចលាចលក្នុងសង្គម៕