(ភ្នំពេញ)៖ គ្រីស្ទបរិស័ទកម្ពុជា បានចេញសេចក្តីណែនាំ ឲ្យធ្វើការថ្វាយបង្គំព្រះ ជាក្រុមតូចៗ ឬតាមអនឡាញ (Online) ឬនៅតាមផ្ទះរៀងៗខ្លួនជាអាទិភាព រយៈពេល ២សប្តាហ៍ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែកុម្ភៈនេះ។

គ្រីស្ទបរិស័ទកម្ពុជា បានឲ្យដឹងថា យោងតាមការប្រកាសព័ត៌មាន ការឆ្លងសហគមន៍ព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈ ដើម្បីចូលរួមការពារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ សូមអំពាវនាវដល់ ព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទគ្រប់គណៈនិកាយ ចូលរួមអនុវត្តការពារ និងទប់ស្កាត់ឲ្យបានខ្ជាប់ខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល និងសូមផ្អាករាល់ការជួបជុំគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅតាមព្រះវិហារ ស្នាក់ការថ្វាយបង្គំគ្រឹស្ទបរិស័ទ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ចំពោះរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយធ្វើការថ្វាយបង្គំតាមផ្ទះ និងតាមអនឡាញ(online)។

ចំពោះខេត្តនានា ក្រៅពីរាជធានី-ខេត្តដែលបានបញ្ជាក់ខាងលើ ត្រូវអនុវត្តដូចខាងក្រោម៖

* អនុវត្តតាមសេចក្តីណែនាំ ជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ឬរដ្ឋបាលខេត្តដែលតាំងនៅ ឬការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

* សូមផ្អាករាល់ពិធីជួបជុំគ្រប់ប្រភេទ ដែលមានមនុស្សច្រើនដើម្បីជៀសវាងការឆ្លងដោយយថាហេតុណាមួយ។

* ការជួបជុំថ្វាយបង្គំតាមព្រះវិហារ និងស្នាក់ការថ្វាយបង្គំ ត្រូវរក្សាគម្លាតសុវត្ថិភាព (១.៥ម៉ែត្រយ៉ាងតិច) ត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត វាស់កំដៅ និងពាក់ម៉ាស់ជាប្រចាំ ហើយរាល់ចន្លោះពេលថ្វាយបង្គំពីមួយទៅមួយ ត្រូវអនុវត្តខ្លាប់ខ្លួន នូវការសម្អាត តុ កៅអី ថាស ឧបករណ៍ផ្សេងៗ មុនអនុញ្ញាត ឲ្យចូលពេលបន្ទាប់។

* សូមធ្វើការថ្វាយបង្គំព្រះ ជាក្រុមតូចៗ ឬតាមអនឡាញ(Online) ឬនៅតាមផ្ទះរៀងៗខ្លួនជាអាទិភាព ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

* សូមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមវិធានការ ការពារកូវីដ១៩ ៣ការពារ៖ ១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសង្គមគម្លាតបុគ្គល និង៣កុំ៖ ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម។

សូមព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទគ្រប់គណៈនិកាយ អនុវត្តឲ្យបានហ្មត់ចត់ជាទីបំផុត។ ក្នុងករណីដែលមានបញ្ហាទាក់ទងនឹងការសង្ស័យថាមានជំងឺកូវីដ-១៩ជាយថាហេតុ សូមគណៈដឹកនាំព្រះវិហារ
នីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលជិតបំផុត។

បើតាមសេចក្តីណែនាំដដែល, សូមយកឱកាសនេះដើម្បីថ្វាយបង្គំ អធិស្ឋានបួងសួងដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សម្រាប់ប្រទេសជាតិយើង រួចផុតពីជំងឺឆ្លងកូវីដ១៩នេះ គ្រប់ពេលវេលាដែលអាចធ្វើបាន៕