(ភ្នំពេញ)៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានប្រើវិធានការក្ដៅក្នុងការម្រេចដកហូតយកអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» និងខារ៉ាអូខេ «រីករាយ២» ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន។

បើតាមលោក ជា ពិសី ចំពោះវិធានការក្ដៅរបស់កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ គឺបានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាទីតាំងអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» និងខារ៉ាអូខេ «រីករាយ២» ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន លួចបើកដំណើរការកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ (ព្រឹត្តការណ៍ សហគមន៍ ២០កុម្ភៈ) ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រៅដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» និង «រីករាយ២» ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាននេះ, លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បង-ប្អូនប្រជាពលរដ្ឋ ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាល «៣ ការពារ និង៣កុំ» រួមមាន៖

*៣ ការពារ គឺត្រូវពាក់ម៉ាស, លាងដៃ, គម្លាតសង្គម, និងគម្លាតបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅ)។
*៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៉ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើន, និងកុំប៉ះពាល់គ្នា, កុំចាប់ដៃ, កុំកៀកស្មា, កុំឱបគ្នាជាដើម៕