(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក គាង សេង ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក គាង សេង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

លោក គាង សេង កើតថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ បញ្ចស័ក ព.ស ២៥១៦ នៅភូមិ វត្តកណ្តាល ឃុំស្វាយប៉ោរ ស្រុក សង្កែ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៩១ លោកបានបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកទេសកសិកម្មចំការដូង (បច្ចុប្បន្នជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម) ផ្នែកជលផល ជំនាន់ទី៧ នៅភ្នំពេញ។

នៅឆ្នាំ១៩៩៦ ក្រោយពីចប់បរិញ្ញាបត្រ លោកបានចូលបម្រើការងារនៅនាយកដ្ឋានជលផល (បច្ចុប្បន្ន រដ្ឋបាលជលផល) ជាមួយកម្មវិធីវារីវប្បកម្មរបស់វិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ីនៅកម្ពុជា។ នៅឆ្នាំ២០០០ លោកត្រូវបានបញ្ជូនឲ្យទៅបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។

នៅឆ្នាំ២០១១ លោក បានបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្របូរាណ នៅរដ្ឋកូឡំបូ នៃប្រទេស្រីលង្កា។ លោកបណ្ឌិត គាង សេង ក៏ជាស្ថាបនិកផាសុកភាពនៅកម្ពុជា និងមានងារជាផសុកបណ្ឌិតផងដែរ។

លោកបណ្ឌិត គាង សេង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះព្រះមហាក្សត្រខ្មែរ ដែលបានត្រាស់បង្គាប់តែងតាំងរូបលោកជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោកបណ្ឌិត គាង សេង ក៏បានសម្តែងនូវការគោរពអរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ក្តីទុកចិត្ត និងឱកាសឱ្យរូបលោកបានចូលរួមចំណែកបម្រើសង្គមជាតិ។

ជាមួយនឹងការទទួលបាននូវសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលនេះ លោក គាង សេង បានប្តេជ្ញាយកចំណេះជំនាញដែលខ្លួនមាន និងប្រឹងប្រែងឱ្យអស់លទ្ធភាព រួមចំណែកជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បម្រើជាតិ និងប្រជាពលរដ្ឋកម្ពុជា៕