(ព្រះវិហារ)៖ ជនសង័្សយចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជាមួយការដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនទៀត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រមេ។

សមត្ថកិច្ចបានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ច បានប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឫជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះរបស់ឈ្មោះ អ៊ាម នេសាន ក្នុងភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្នុងនោះសមត្ថកិច្ច យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ អ៊ាម នេសាន អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ
*ទី២៖ ឈ្មោះ ថាន់ ធា អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ
*ទី៣៖ ឈ្មោះ ស៊ាន អរ អាយុ២៨ឆ្នាំ រស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ។

វត្ថុតាងដែលដកហូតរួមមាន៖ ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៧១កញ្ចប់ តូចស្មើនឹងទម្ងន់ ១២៦.៥៩ក្រាម, ទូរស័ព្ទ៣គ្រឿង បារីអេឡិចត្រូនិច១ដើម លុយចំនួន១៧០.០០០.០រៀល និងសម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕