(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៤៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៤៣នាក់នោះ មាន ២០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៩ករណី និងជនសង្ស័យ២៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១១ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ៕