(ភ្នំពេញ)៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាននៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សពីរនាក់ក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩។

ជនសង្ស័យ០២នាក់ដែលកម្លាំងសមត្ថកិច្ចាប់ខ្លួន ទី១៖ ឈ្មោះ ធន ចន័្ទថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ និងទី២៖ ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នាំមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាននូវខ្លឹមសារមានជាអាទិ៍៖ ទី១៖ បំភ្លៃពត៌មាន ពាក់ពន្ធ័នឹងវ៉ាក់សាំងកូវីដ១៩ ដែលកាលៈទេសៈកម្ពុជា កំពុងរីករាលដាលជម្ងឺកូវីដ។ ទី២៖ ធ្វើការញុះញង់ ប្រមូលផ្តុំប្រជាពលរដ្ឋមកធ្វើការតវ៉ាទាមទារ ជ្រកក្រោមលេស សិទ្ធិសេរីភាព ប៉ុន្តែបង្កប់នូវឧបាយកលទុច្ចរិត ដើម្បីបង្កចលាចលដល់សន្តិសុខសង្គម។

តាមការជាក់ស្តែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤៖៥៣នាទី ឈ្មោះ ធន ច័ន្ទថា បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ «ធន ច័ន្ទថា» តំណភ្ជាប់លេខ ១០០០៤៥០៨៨២៤៤៣៩៩ បានធ្វើការបង្ហោះអត្ថបទមានខ្លឹមសារថា «បើនិយាយឲ្យចំទៅបើវាកើតមែនងាប់រាដាលពេញប្រទេស ហើយមិនចាំបាច់ទៅឆ្ងល់ឡើយ ឥឡូវនេះបែបទប់លែងជាប់អត់មានប្រាក់ខែបើកមន្ត្រីរាជការក៏មិនដឹងផងរកល្បិចគ្រប់វិធីដើម្បីរកជំនួយពីបរទេសហើយទើបទប់ជាប់»។ ដែលមានអ្នកចូលមើលចំនួន ១៧៨ដង។

ដោយឡែក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ ម៉ី សុផន បានប្រើប្រាស់បណ្តាញសង្គម Facebook បង្ហោះជាសាធារណៈមានខ្លឹមសារថា៖ «កម្ពុជាជាប្រទេសមួយដែលមិនមាន ការឆ្លងជម្ងឺរលាកផ្លូវដង្ហើម (កូវីដ១៩) ឬស្លាប់ដោយជម្ងឺនេះគួរឲ្យព្រួយបារម្ភឡើយ។ ហេតុអ្វីបានជារដ្ឋាភិបាលឯកបក្សប្រញាប់ប្រញាល់ អំពាវនាវអោយប្រជារាស្ត្រខ្មែរ ចាក់វ៉ាក់សាំងរបស់ចិន ដែលមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) យ៉ាងតក់ក្រហល់បែបនេះ? ក្នុងនាមប្រជាពលរដ្ឋខ្មែរសាមញ្ញម្នាក់ នាងខ្ញុំយល់ឃើញថា ជាហេតុផលនយោបាយច្រើនជាង ក្នុងចេតនាចង់ការពារជម្ងឺឆ្លងនេះជូនប្រជាពលរដ្ឋ។ ដោយហេតុថា ចង់ផ្គាប់ចិត្តចិន ជួយការពារអំណាច និងជួយជ្រោមជ្រែងអោយលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីលោកទី១។ ទី២ បង្វែរការចាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិ ចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅកម្ពុជានាពេលបច្ចុប្បន្ន»

សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការចាប់ខ្លួនបុគ្គលទាំងពីរអ្នកខាងលើនេះ គឺស្ថិតក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ស្របតាមនីតិវិធីជាធរមាន។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕