(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា បានលើកឡើងថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍ គួរសិក្សានូវកន្លែងថ្មីៗ ទីតាំងទេសចរណ៍ថ្មី ដើម្បីត្រៀមទទួលភ្ញៀវទេសចរ នៅពេលវ៉ាក់សាំងកូវីដ-១៩ ត្រូវបានគ្របដណ្ដប់ពេញលេញ។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសុទិដ្ឋិនិយម ចំពោះការមកដល់នូវវ៉ាក់សាំងកូវីដ១៩ ដូច្នេះប្រតិបត្តិករទាំងអស់ គួរតែត្រៀមខ្លួន ជាពិសេសក្រុមហ៊ុនផ្នែកទេសចរណ៍ ត្រូវត្រៀមខ្លួនសិក្សា លើតំបន់ថ្មីៗ តំបន់ដែលទើបមានការរៀបចំ និងតំបន់ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវទៅដល់ទីតាំងនោះ ក៏ដូចជាសេវាកម្មថ្មីៗ ដែលទើបតែបានបង្កើតឡើង»

លោកស្រីបានបន្ថែមទៀតថា «ប្រតិបតិ្តករទាំងអស់ ត្រូវតែសិក្សាអំពីស្ថានភាព អ្វីដែលត្រូវបានផ្លាស់ប្ដូរ ដោយការបង្កើតឡើងថ្មីៗ ព្រោះថា នាពេលកន្លងមកឃើញថា មានការដួលរលំ បិទសេវាកម្មរបស់ខ្លួន ដូច្នេះយើងមិនអាចយកការកសាងចាស់ ដូចជា ខ្សែទស្សនកិច្ច យកទៅលក់សារជាថ្មីនោះទេ ដែលទាមទារឲ្យកសាង កញ្ចប់ទស្សនកិច្ចថ្មី ខ្សែទស្សនកិច្ចថ្មី និយាយជារួមមក គឺត្រូវតែសិក្សានូវអ្វីដែលថ្មីម្ដងទៀត»

បន្ថែមពីនោះទៀត លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ជាក់ស្ដែង ដូចនៅខេត្តសៀមរាប ឬក្រុងព្រះសីហនុ គឺធ្លាប់មានហើយនូវកញ្ចប់ សេវាកម្មទេសចរណ៍ល្អៗ ក៏ប៉ុន្ដែកន្លងមកមានការដោះដូរខ្លះ សេវាកម្មថ្មីខ្លះមកដល់ សេវាកម្មចាស់ក៏បានបាត់ទៅ ដូច្នេះត្រូវរៀបចំអភិវឌ្ឍន៍ឡើងវិញ ធ្វើបច្ចុប្បន្នភាព ទៅលើកត្តាទាំងនោះ ហើយវាអាចនឹងល្អជាងមុន អាចចូលជ្រៅជាងមុន ដែលត្រូវទាមទារឲ្យមានការសិក្សា សហការជាមួយនឹងដៃគូផ្គត់ផ្គង់ ជាពិសេសសហគមន៍ទេសចរណ៍ ដែលឥឡូវកំពុងមានការគាំទ្រ ពីក្រសួងពាក់ព័ន្ធ។

លោកស្រីបន្ថែមថា ក្រុមហ៊ុនទាំងអស់ ត្រូវធ្វើការអភិវឌ្ឍនូវផលិតផលទាំងនោះ ហើយត្រូវពង្រឹងនូវសមត្ថភាព នៃក្រុមហ៊ុន ឬស្ថាប័នរបស់ខ្លួន ក៏ដូចជាធ្វើការ បង្កើននូវគុណភាពសេវាកម្ម ដែលខ្លួនបានធ្លាប់មានពីពេលកន្លងមក និងមាននៅពេលថ្មីៗនេះ ត្រូវហ្វឺកហាត់ចូលរួមជាមួយសមាគមន៍ ក្រសួងទេសចរណ៍ អង្គការនានា ដែលបានផ្ដល់ជូន និងសូមកុំបាក់ទឹកចិត្ត។

លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា ចំពោះបញ្ហានេះ នៅប្រទេសជិតខាង គឺគេមិនបាក់ទឹកចិត្តនោះទេ ហើយគេបានត្រៀមខ្លួនចាំផងដែរ។

ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំត្រៀម ដោយព្យាយាមជំរុញ ជាពិសេសក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន បានចាប់ផ្ដើមត្រុះត្រាយផ្លូវ ដើម្បីឲ្យបានទៅដល់គោលដៅ។

លោកស្រីបានលើកឡើងថា កម្ពុជា មានគោលដៅទេសចរណ៍ច្រើន ដូចជា បែបអេកូ បែបផ្សងព្រេង និងបែបធម្មជាតិច្រើន តែនាពេលកន្លងមក គឺមិនបានបញ្ជូនភ្ញៀវទៅ ដោយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងកត្តាផ្សេងៗ ប៉ុន្តែថ្មីៗនេះ មានការកសាងច្រើន ដូច្នេះត្រូវទៅសិក្សានៅតំបន់នោះ ដើម្បីរៀបចំទីតាំង សេវាកម្ម ផលិតផលថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរមកវិញ៕