(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដែលធ្វើតេស្តលើកទី១ មុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ទៅបន្តធ្វើតេស្តលើកទី២ ម្តងទៀត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ការធ្វើតេស្តលើកទី២ ទៅលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានធ្វើតេស្តលើកទី១ នៅមុនថ្ងៃទី២៥ ខែកុម្ភៈនោះ មានចំនួន២ទីតាំង ក្នុងនោះមានទីតាំងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ប្រជាពលរដ្ឋខ្មែរ និងទីតាំងទី២ នៅអគាសាលសហគមន៍កោះពេជ្រ សម្រាប់ជនជាតិចិន។

សម្រាប់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយដែលបានធ្វើតេស្តលើកទី១ ក្រោយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នោះ ក្រសួងសុខាភិបាល នឹងជូនដំណឹងអំពីការធ្វើតេស្តលើកទី២ នៅពេលក្រោយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកស្រី យក់ សម្បត្តិ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕