(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ដ្រីជនជាតិចិនម្នាក់ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយរកឃើញថា កើតជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ចាប់ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ទៅធ្វើតេស្តនៅទីតាំងសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករឲ្យបានឆាប់បំផុត។

លោកបានបញ្ជាក់ទៀតថា ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១តទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន២៨កន្លែង នៅក្រុងព្រះសីហនុ ហើយក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងបិទទីតាំងដែលពាក់ព័ន្ធនោះជាបន្ដបន្ទាប់។ សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៣០នាក់៕