(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាស្ដីពីឱកាសនៃកិច្ចសហប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗលើទឹកដី ខេត្តកោះកុង។

លោកស្រីអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រប្រជាសាស្ត្រ សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងសក្តានុពលដ៏ទៃទៀត ព្រមទាំងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជូនលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌបានជ្រាប។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថា កិច្ចទំនាក់ទំនង នៃប្រទេសទាំងពីរ កើតមានតាំងពីយូរណាស់មកហើយ។ ឥណ្ឌាបានជួយកម្ពុជាច្រើនវិស័យ ហើយមកដល់ពេលនេះឥណ្ឌាក៏នៅតែបន្តជួយ និងសហប្រតិបត្តិការយ៉ាងជិតស្និត។

លោកស្រីឯកអគ្គរដ្ឋទូត មានបំណងជួយខេត្តកោះកុង លើវិស័យ មួយចំនួននៅក្នុងតំបន់ដាច់ស្រយាល ដូចជាអប់រំ សុខភាព ទេសចរណ៍ និងកសិកម្ម ក្នុងទំហំទឹកប្រាក់ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះលោកស្រីឯកអគ្គរដ្ឋទូត មានការចាប់អារម្មណ៍ខ្លាំងសម្រាប់វិនិយោគនៅខេត្តកោះកុង ដោយមានគោលបំណងចង់នាំអ្នកវិនិយោគ នៅប្រទេសឥណ្ឌាមកធ្វើវិនិយោគនៅខេត្តកោះកុង។

ដោយមើលឃើញថាស្ថានភាពភូមិសាស្ត្រខេត្តកោះកុង ស្រដៀងនឹងខេត្តមួយ នៅប្រទេសឥណ្ឌាលោកស្រីឯកអគ្គរដ្ឋទូតចង់ចងសម្ព័ន្ធភាព រវាងខេត្តទាំងពីរ ដើម្បីផ្លាស់បទពិសោធន៍គ្នាទៅវិញទៅមក ពិសេសផ្តោតទៅលើផ្នែកកសិកម្ម និងទេសចរណ៍តែម្តង៕