(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេស មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅក្នុងជនអាទិភាព ដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលដំបូងនេះ។ នេះបើតាម សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មានទទួលបាន។

សេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល ស្ដីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេស មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានចារឯកភាព លើលិខិតលេខ ១៣៦៧ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យមន្ត្រីប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុងជនអាទិភាព ដើម្បីការចាក់វ៉ាក់សាំងកូវីដ១៩។

តាមរយៈសេចក្ដីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្នុងដំណាក់កាលដំបូងនេះតែម្ដង តាមគោលការណ៍ស្ម័គ្រចិត្តចំពោះ៖

* មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ រួមទាំងមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពទាំងពីរនេះ

* មន្ត្រីរាជការ និងបុគ្គលិកនៃគ្រឹះស្ថានអង្គរ ដែលជាអ្នកស្ថិតនៅជួរមុខក្នុងការផ្តល់សេវាផ្ទាល់ ជាមួយភ្ញៀវទេសចរបរទេស ក្នុងការប្រមូលចំណូលពីការលក់បណ្ណចូលទស្សនារមណីដ្ឋានតំបន់ អង្គរ តំបន់ប្រាសាទបេងមាលា និងតំបន់ប្រាសាទកោះកែរ។

គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិនលើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៦០,៤០៥នាក់ ខណៈចាក់លើកទី២បានចំនួន១៤២០នាក់។ ដោយឡែក គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលទូទាំងប្រទេស សរុបចំនួន៖ ២៤,៣៣១នាក់ ក្នុងនោះមានអ្នកចាក់លើកទី២ សរុបចំនួន៖ ៩១៣នាក់ផងដែរ៕