(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីអំពាវនាវលើកទី៥ ទៅកាន់ប្រជាពលរដ្ឋដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ខណៈខេត្តមួយនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥២នាក់ ដែលភាគច្រើនជាជនជាតិបរទេស។

ក្នុងសេចក្ដីអំពាវនាវដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមួយចំនួនតូចនៅបន្ដជួបជុំគ្នាច្រើនលើសពីការកំណត់របស់ក្រសួងសុខាភិបាល នៅក្នុងពិធីផ្សេងៗ ដូចជាពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា ពិធីជប់លៀង ខួបកំណើតជាដើម។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរតាមដងផ្លូវសាធារណៈ ឬចូលទិញទំនិញតាមផ្ទះ តាមផ្សារ ដោយមិនមានពាក់ម៉ាស់នៅឡើយ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបានធ្វើការអំពាវនាវដូចខាងក្រោម៖

*ទី១៖ សូមពន្យាពេលនៃការរៀបចំពិធីនានាក្នុងដំណាក់កាលនេះ បើសិនមិនចាំបាច់

*ទី២៖ បើក្នុងករណីចាំបាច់ខានមិនបាន ចំពោះការរៀបចំពិធីនីមួយៗ ត្រូវកាត់បន្ថយចំនួនមនុស្ស ត្រូវរៀបចំម៉ាស៉ីនបាញ់សម្លាប់មេរោគ ម៉ាស៉ីនសម្រាប់វាស់កម្ដៅ មានរៀបចំម៉ាស់សម្រាប់ភ្ញៀវពាក់ និងមានរៀបចំអាល់កុល ឬជែលសម្រាប់ភ្ញៀវលាងដៃគ្រប់ៗគ្នា

*ទី៣៖ សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប់ជាប្រចាំនៅពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ឬពេលចូលទិញទំនិញតាមផ្ទះ តាមផ្សារ ហើយម្ចាស់ទីតាំងក៏ត្រូវរៀបចំអាល់កុល ឬជែលដើម្បីភ្ញៀវបានលាងដៃមុនចូលទីតាំងលក់ដូររបស់ខ្លួន

*ទី៤៖ សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្ដុំច្រើនកុះករក្នុងករណីចាំបាច់ ហើយត្រូវអនុវត្តការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន៣២កន្លែង នៅក្រុងព្រះសីហនុ ហើយក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងបិទទីតាំងដែលពាក់ព័ន្ធនោះជាបន្ដបន្ទាប់។ សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៥២នាក់៕