(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានបន្ដយុទ្ធនាការផ្សព្វផ្សាយ អប់រំណែនាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» និងចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈ ផ្សារលក់ដូរ ក្នុងខេត្តព្រះសីហនុ។

យុទ្ធនាការនេះធ្វើឡើងតាមការណែនាំ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងយុទ្ធនាការចែកម៉ាស់ដល់ប្រជាពលរដ្ឋរបស់ លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត ទើបលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាទៅអធិការក្រុង-ស្រុក និងផែនសណ្តាប់ធ្នាប់ ជាពិសេសកងអន្តរាគមន៍ពិសេស ចុះល្បាតផងធ្វើការណែនាំអប់រំ និងចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន៣២កន្លែង នៅក្រុងព្រះសីហនុ ហើយក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងបិទទីតាំងដែលពាក់ព័ន្ធនោះជាបន្ដបន្ទាប់។ សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៥២នាក់៕