(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង៣៤នាក់នេះ គឺជនជាតិខ្មែរចំនួន១៥នាក់ ជនជាតិចិន ១៧នាក់ និងជនជាតិវៀតណាមចំនួន២នាក់ ដែលនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះផងដែរ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជំងឺកូវីដ១៩ ចំនួន៣នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ ដែលមានជនជាតិឥណ្ឌូនេស៊ី២នាក់ និងជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរមកពីក្រៅប្រទេស។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៣៩៦នាក់៕