(ភ្នំពេញ)៖ លោកស្រី Natpatsorn Wongthanavisit ជានាយិកាក្រុមហ៊ុន JET CAPITAL COMPANY LIMITED នៅប្រទេសថៃ បានផ្ញើលិខិតមួយច្បាប់ស្នើសុំឲ្យបណ្តាញព័ត៌មាន Fresh News សូមជួយផ្សាយនូវលិខិតស្នើសុំក្តីមេត្តាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួន ក្នុងបញ្ជីផ្គត់ផ្គង់សត្វជ្រូករស់ នៅប្រទេសកម្ពុជាបានដូចពេលមុន ព្រោះតែក្រុមហ៊ុនបំពេញគ្រប់លក្ខន្តិកៈ តម្រូវរួចរាល់អស់ហើយ។

យោងតាមលិខិតគោរពស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់អគ្គនិយកា ក្រុមហ៊ុន JET CAPITAL COMPANY LIMITED បានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួន មានសម្បទាពេញលេញស្របច្បាប់ និងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់សត្វជ្រូករស់ នៅក្នុងប្រទេសថៃ ដល់បណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកដទៃទៀត ដែលមានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់សាមីប្រទេសនោះ ស្រាប់តែនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ របស់កម្ពុជា បានកំណត់យកក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងប្រទេសថៃ ចំនួន៥ក្រុមហ៊ុន និងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ បានជ្រើសរើសចំនួន៥ក្រុមហ៊ុនទៀត សរុបមានចំនួន១០ក្រុមហ៊ុន តែជាក់ស្តែងបច្ចុប្បន្ននេះ ការផ្គត់ផ្គង់សត្វជ្រូកចេញពីប្រទេសថៃ មានតែ២ ទៅ៣ក្រុមហ៊ុនប៉ុណ្ណោះ ចំពោះ០៧ក្រុមហ៊ុនដទៃទៀត គឺមានតែឈ្មោះពុំដែលបានផ្គត់ផ្គង់ឡើយ។

លោកស្រីអគ្គនាយិកាបានបន្តថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា ធ្លាប់បានប្រកាសថា ចំពោះក្រុមហ៊ុនថៃទាំងឡាយណា ដែលបំពេញបានឆ្លើយតបគ្រប់លក្ខខណ្ឌទាំង១២ចំណុចរបស់ខាងភាគីកម្ពុជាហើយនោះ ខ្លួននឹងយល់ព្រមចុះបញ្ចូលបន្ថែមឲ្យ ដោយគ្រាន់តែតម្រូវឲ្យអគ្គនាយកដ្ឋានអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រថៃ (DLD) ធ្វើលិខិតផ្លូវការផ្ញើតាមសារអេឡិចត្រូនិច បញ្ជាក់ថា ក្រុមហ៊ុននោះបំពេញបានតាមលក្ខខណ្ឌទាំង១២ចំណុចរបស់កម្ពុជា មកកាន់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា មកបានហើយនោះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា នឹងចុះបញ្ចូលទៅក្នុងបញ្ជីទទួលស្គាល់សម្បទារបស់ក្រុមហ៊ុនផ្គត់ផ្គង់ របស់ប្រទេសថៃនោះវិញផងដែរ។

លោកស្រីសង្កត់ធ្ងន់ថា «ចំពោះក្រុមហ៊ុន JET CAPITAL COMPANY LIMITED របស់នាងខ្ញុំ ត្រូវបានអគ្គនាយកដ្ឋានអភិវឌ្ឍន៍សត្វប្រទេសថៃ ធ្វើលិខិតផ្លូវការជម្រាបជូន មកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជារួចហើយផងដែរ និងបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុននាងខ្ញុំគោរពបានយ៉ាងតឹងរឹងស្របទៅតាមលក្ខខណ្ឌទាំង១២ ចំណុចរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតផ្ញើ ចេញលេខ ០៦១៩/១០៧៤ ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអភិវឌ្ឍន៍សត្វនៃប្រទេសថៃ គិតរហូតមកដល់ពេលនេះមានរយៈពេលជាង៣០ថ្ងៃកន្លងមកហើយ ដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា ចេះតែរកលេសផ្ទុយ ពីការងារជំនាញក្រោមហេតុផលមិនសមស្រប មិនអាចទទួលយកបាន ដូចជា បែរមកស៊ើបអង្កេតអំពីទីតាំងដីផ្ទាល់ខ្លួន របស់ក្រុមហ៊ុននាងខ្ញុំនៅក្នុងប្រទេសថៃទៅវិញ ផ្ទុយស្រឡះពីការងារជំនាញរបស់គាត់ ក្នុងគោលបំណងអូសបន្លាយ ពេលវេលាក្នុងការចុះបញ្ចូលក្រុមហ៊ុននាងខ្ញុំ ទៅក្នុងបញ្ជីផ្គត់ផ្គង់កត្តានេះបានធ្វើឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុននាងខ្ញុំយ៉ាងខ្លាំង ហើយជាពិសេសទៅទៀត ក៏ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលទទួលទានសាច់ជ្រូកជារៀងរាល់ថ្ងៃផងដែរ ព្រោះការផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារកម្ពុជា ធ្វើឲ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់ដែលក្នុងកាលៈទេសៈពេលនេះ តម្លៃសាច់ជ្រូករស់នៅលើទីផ្សារប្រទេសថៃ បានធ្លាក់ចុះដល់តម្លៃកម្រិតអប្បរមាគឺទាបបំផុត»។

អគ្គនាយិកាក្រុមហ៊ុននេះ សូមគោរពសំពះសុំសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍មកកាន់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា នៃក្រសួងកសិកម្ម និងនេសាទ ឲ្យចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួន ចូលក្នុងបញ្ជីផ្គត់ផ្គង់សត្វជ្រូករស់ នៅប្រទេសកម្ពុជាបានដូចពេលមុនៗផង៕

ខាងក្រោមនេះជាលិខិតរបស់ក្រុមហ៊ុន JET CAPITAL COMPANY LIMITED សុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន៖

លិខិតបញ្ជាក់សុខភាពសត្វ

លិខិតចាក់វ៉ាក់សាំងលើសត្វជ្រូក (១១ចំណុច)

លិខិតបញ្ជាក់ពីការធ្វើចត្តាឡីស័កសត្វ នៅនឹងមាត់ច្រកព្រំដែន