(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងសារអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកស្រីចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកទី២រួចហើយនោះ។

តាមរយៈបណ្តាញព័ត៌មាន Fresh News លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ រកវ៉ាក់សាំងកូវីដ១៩ និងផ្តល់ឱកាសឲ្យលោកស្រី បានចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ទុកថា ការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន គឺជាគុណូបការៈដ៏ធំធេង ហើយលោកស្រីបញ្ជាក់ថា នឹងមិនអាចបំភ្លេចនូវគុណូបការៈ ដែលមិនអាចកាត់ថ្លៃបែបនេះបានឡើយ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងលើកទីពីររួចហើយ។ អរគុណវ៉ាក់សាំងកូវីដ-១៩ ដែលបានជួយដល់សុខភាព និងអាយុជីវិតខ្ញុំបានការពារពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកពីវីរុសកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មី។ សូមគោរពអរគុណជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ រកវ៉ាក់សាំង និងផ្តល់ឱកាសឲ្យខ្ញុំបានចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដែលខ្ញុំមិនអាចបំភ្លេចនូវគុណូបការៈមិនអាចកាត់ថ្លៃនេះបានឡើយ»។

សូមជម្រាបថា វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជាបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនគិតថ្លៃ នៅដំណាក់កាលទីមួយនេះ គឺជាវ៉ាក់សាំងប្រភេទស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន ក្នុងចំណោម ១លានដូស។ ដំណាក់កាលដំបូងនេះ ចិនបានដឹកវ៉ាក់សាំង ៦០ម៉ឺនដូស ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួន។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង ២០លានដូសនេះ មានជំនួយ ១១លានដូសផងដែរ៕