(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីទីតាំង និងពេលវេលាអ្នកកើតជំងឺកូវីដ-១៩ ចំនួន១១នាក់ ធ្លាប់បានទៅនាពេលកន្លងមក មុនរកឃើញថាពួកគាត់មានកើតជំងឺនេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន១១សន្លឹក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ពិសេសអ្នកបើកបររថយន្ត និងម៉ូតូកង់បី ដែលបានដឹកភ្ញៀវដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលខ្លួនកំពុងស្នាក់នៅ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់អ្នករស់នៅខេត្តព្រះសីហនុ សូមមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឲ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

គួរជម្រាបថា រហូតមកដល់ពេលនេះ អ្នករស់នៅខេត្តព្រះសីហនុ ដែលត្រូវបានយកទៅពិនិត្យសំណាកមាន ចំនួន៩,៩៧០នាក់ ក្នុងនោះស្ដ្រីចំនួន៤,២៣៨នាក់។ នេះបើតាមការឲ្យដឹងពី លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

បើតាមលោក ឃាង ភិរម្យ ក្នុងចំណោមមនុស្សដែលបានយកទៅពិនិត្យសំណាកនេះ រកឃើញថា មានជាង៦០នាក់ បានកើតជំងឹកូវីដ-១៩ ដែលភាគច្រើនបំផុតគឺជនជាតិបរទេស។ លោកបន្ដថា គិតត្រឹមថ្ងៃនេះ ទីតាំងដែលមានការពាក់ព័ន្ធអ្នកកើតជំងឺនេះ ចំនួន៣៣កន្លែងហើយ ត្រូវបានអាជ្ញាធរសម្រេចបិទទ្វារបណ្ដោះអាសន្ន។

សម្រាប់ខេត្តព្រះសីហនុ ដោយសារតែចំនួនអ្នកឆ្លងមានកើនឡើងខ្លាំងនោះ អភិបាលខេត្ត លោក គួច ចំរើន បានសម្រេចយកសណ្ឋាគារមួយទៅជាកន្លែងសម្រាប់ព្យាបាលតែម្ដង។

គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៣៩៦នាក់។ ក្នុងនោះករណីឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» សរុបចំនួន៣៧៤នាក់៕