(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមចុះហត្ថលេខាជាមួយគ្នាហើយ លើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទំនិញនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមាន ចូលរួមពីលោកស្រី Indranee Rajah រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីពីរ ក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិសិង្ហបុរី, លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Seth Tan នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia លោកបណ្ឌិត Robert Yap ប្រធានប្រតិបត្តិក្រុមហ៊ុនYCH Group PTE LTD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន YCHនេះ ដែលភាពជាដៃគូនេះនឹងជួយពង្រឹង សមត្ថភាពកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយប្រទេស ឱ្យក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់មួយ ដូចមានចែងនៅក្នុងផែនការមេបណ្តោះអាសន្ន ស្តីពីប្រព័ន្ធតភ្ជាប់បណ្តាញដឹកជញ្ជូន និងភ័ស្តុភារកម្ម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) នេះ នឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជាពិសេសវានឹងក្លាយជាកម្លាំងចលករប្រកបដោយសក្កានុពល ក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យងើបស្ទុះឡើង សំដៅសម្រេចបាននូវចក្ខុវិស័យលើការអភិវឌ្ឍកម្ពុជាឱ្យទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះថា ជាគម្រោងយុទ្ធសាស្រ្តមួយមានទីតាំងស្ថិតនៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រពី បណ្តាញផ្លូវជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ស្ថិតក្នុងចម្ងាយ១០គីឡូម៉ែត្រពីទីក្រុង និងអាចបម្រើជាមណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងតំបន់ដោយហេតុថាកម្ពុជា មានទីតាំងភូមិសាស្ត្រឋិតនៅចំកណ្តាលប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

លើសពីនេះទៀត មជ្ឍមណ្ឌលភ័ស្តុភារកម្មភ្នំពេញនឹងជួយឱ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើសមា ហរណកម្ម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី តាមរយៈលោកស្រី Indranee Rajah ដែលបានផ្តល់ការគាំទ្រ និងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យ គម្រោងនេះឆ្ពោះទៅមុខ និងក្រុមហ៊ុនIA ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាទីប្រឹក្សាសម្រាប់គម្រោងនេះ ជាពិសេសក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងផ្តល់ការគាំទ្រដល់គម្រោងនេះផងដែរ។

សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌនេះ (Framework Agreement - FA) ជាមួយក្រុមហ៊ុនYCH និងក្រុមហ៊ុន IA ដូច ដែលធ្លាប់បានអនុវត្តកន្លងមកសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

កិច្ចព្រមព្រៀងក្របខណ្ឌនេះផ្តល់មូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនYCH ដើម្បីរៀបចំបង្កើត និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញ(PPLC) ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបលំដាប់ពិភពលោក ធ្វើឱ្យប្រសើរឡើងដល់លំហូរដំណើរការភ័ស្តុភារកម្ម រួមទាំងមានការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យ ភ័ស្តុភារកម្មផងដែរ៕