(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ទិវា ៨ មីនា គឺជាទិវារំលឹកដល់ការលើកកម្ពស់ស្ត្រី ប៉ុន្តែមិនមានន័យថា ស្ត្រីមានសិទ្ធិតែមួយថ្ងៃនោះទេ។

លោកបន្តថា នៅប្រទេសកម្ពុជាស្ត្រីមានចំនួនច្រើនជាងបុរស ដូច្នេះការអភិវឌ្ឍប្រទេសជាតិ ត្រូវតែគិតគូរពីថាមពលរបស់ស្ត្រីឲ្យដូចជាបុរស ដូចប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការជួយស្ត្រី គឺជួយខ្លួនឯង។

ការលើកឡើងបែបនេះក្នុងឱកាស ដែលលោកអភិបាលខេត្ត ,លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងសមាគមនារី មន្រ្តីរាជការ កងកម្លាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ ជាស្រ្តីប្រមាណជាង ២៤០ នាក់ នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ បានប្រារពខួបលើកទី១១០ នៃទិវាសិទ្ធនារីអត្តរជាតិ៨មិនា ឆ្នាំ២០២១ ក្រោមប្រធានបទ ស្រ្តី និងការអភិវឌ្ឍ ក្នុងបរិការណ៍ជំងឺកូវីដ១៩។

លោកអភិបាលខេត្តបញ្ជាក់ទៀតថា ផ្អែកលើមូលដ្ឋានសុខសន្តិភាព ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ ពិសេសកំពុងបន្តអនុវត្តដំណាក់កាលទី ៥ របស់រាជរដ្ឋាភិបាល ក្នុងស្មារតីរួមកំណើនការងារសមធម៌ និងប្រសិទ្ធភាពផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលបានដាក់ចេញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី ក្មេងស្រី និងក្រុមជនងាយរងគ្រោះ ជាវិស័យអាទិភាពដាច់ដោយឡែក ក៏ដូចជាការងារក្នុងវិស័យអាទិភាពដទៃទៀតផងដែរ។

លោកថ្លែងថា ស្ត្រីគឺជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានានូវប្រសិទ្ធភាពបរិយាប័ន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព ដូច្នេះសមភាពយេនឌ័រ គឺជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាព និងកិច្ចការអភិវឌ្ឍន៍។

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះមន្ត្រីកិច្ចការនារី អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋដែលបានចូលរួមគ្រប់សកម្មភាព ក្នុងការលើកកម្ពស់សមភាពយេនឌ័រស្ត្រី ក្មេងស្រី និងក្រុមងាយរងគ្រោះដោយបានធ្វើការប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម គ្រឿងញៀន ការជួញដូរមនុស្ស ការរំលោភសេពសន្ធវៈ អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារដែលតែងតែចុះសួរសុខទុក្ខ និងនាំយកអំណោយជា ឃីត គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ជនរងគ្រោះ។

លោកក៏បានធ្វើការស្នើសុំឲ្យប្រជាពលរដ្ឋត្រូវរស់នៅប្រកបដោយអនាម័យ និងប្រុងប្រយ័ត្នក្នុងគន្លងថ្មីនៃបរិបទសង្គម និងត្រូវអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ និងឲ្យបានខ្ជាប់ខ្ជួននូវបីកុំ និងបីការពារ ជាពិសេសប្រជាពលរដ្ឋដែលមានរៀបចំពិធីមង្គលនានា សូមឱ្យពិនិត្យឲ្យបានច្បាស់លាស់ និងកាត់បន្ថយនូវការទទួលភ្ញៀវក្នុងកម្រិតសមរម្យ ជៀសវាងការជួបជុំមនុស្សច្រើន ដែលជាមុខសញ្ញានៃការចម្លងនៃជំងឺកូវីដ១៩ ចូលទៅសហគមន៍៕