(ភ្នំពេញ)៖ មីចំនួន៥០០កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបាននាំមកជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក អ៊ុក ច័ន្ទវាសនា ជំនួយការលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ ក្នុងឱកាសនោះ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងការបង្ការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រហូតបានប្រគល់នូវអំណោយជាមីចំនួន៥០០កេស មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក អ៊ុក ច័ន្ទវាសនា បានលើកឡើងថា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី តែងយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់លោក ឃួង ស្រេង ដែលអនុវត្ត ការងារបានល្អ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ទើបលោកឧត្តមសេនីយ៍ និងលោកស្រី ប្រគល់នូវអំណោយជាមីចំនួន៥០០កេស មកឲ្យរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕