(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ត ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល ដែលជាកត្តាកំណត់យ៉ាងសំខាន់នៃភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការ រីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា។

តាមរយៈ Facebook ផ្លូវការ, លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូចនេះថា «ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យបន្តចូលរួមសហការ និងអនុវត្តវិធានការរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល ដែលនេះជាកត្តាកំណត់យ៉ាងសំខាន់ នៃភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា»។

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២១ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

បើតាម លោក ហ៊ុន ម៉ានី, នាពេលកន្លងមក ពេលសភាពការណ៍តម្រូវម្តងៗ រាជរដ្ឋាភិបាលបានអនុវត្តវិធានការគ្រប់គ្រងដោយត្រឹមត្រូវ ហ្មត់ចត់ រហូតជោគជ័យក្នុងការបង្ការ ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា និង២៨វិច្ឆិកា ហើយនៅពេលស្ថានភាពអាចគ្រប់គ្រងបានវិធានការនានា មិនត្រូវបាន រឹតបន្តឹងខ្លាំងពេក ដើម្បីធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងន័យនេះហើយដែលស្ថានភាពពេលនេះចំពោះព្រឹត្តិការណ៍ ២០កុម្ភៈ គឺស្ថានភាពចាំបាច់ តម្រូវឲ្យមានវិធានការកាន់តែហ្មត់ចត់។

លោកបន្តថា កន្លងមកយើងសង្កេតឃើញមានការមិនគោរពវិធានការ មានជាអាទិ៍ ការគេចពីមណ្ឌលចត្តាឡីស័ក ការនាំមនុស្សគេចពីចត្តាឡីស័កក៏ដូចជាការមិនអនុវត្តតាមមន្រ្តី សុខាភិបាលជាដើម។ ច្បាប់នេះនឹងផ្តល់ឲ្យរដ្ឋាភិបាលមានឧបករណ៍អាចគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដោយក្នុងនោះយើងដឹងច្បាស់ថាការមិន គោរពវិធានការសុខាភិបាល ណាមួយរបស់អ្នកមានជំងឺកូវីដ-១៩ អាចនឹងបង្កហានិភ័យដ៏ធំដល់សហគមន៍។ អាចនិយាយដោយសាមញ្ញថា បើដោយសារមនុស្សម្នាក់ មិនស្តាប់ និងគោរពវិធានការសុខាភិបាល ដោយខ្លួនឯងដឹងថាអាចមានផ្ទុកវីរុសកូវីដ-១៩ ហើយទៅចម្លងគេតើយើងគួរគិតពីមនុស្សម្នាក់ ឬមនុស្សច្រើននាក់?

រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ សមត្ថកិច្ច និងភាគីពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោយមិនខ្លាចនឿយហត់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ តាំងពីខែមករា ឆ្នាំ២០២០ ដល់ពេលនេះ ដែលយើងត្រូវតែឲ្យតម្លៃ និងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់។ នេះបើតាម លោក ហ៊ុន ម៉ានី។

គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់៕