(កំពត)៖ គោលបំណងបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ក្នុងស្ថានភាពដែលខេត្តព្រះសីហនុ កំពុងប្រឈមនឹងបញ្ហាការឆ្លងរាលដាលនូវជំងឺកូវីដ១៩ ជាបន្តបន្ទាប់ និងដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់នោះលោក ជាវ តាយ អភិបាលខេត្តកំពត បានសម្រេចដាក់បទបញ្ជា២ចំណុច ដើម្បីឱ្យអាជ្ញាធរស្រុក និងកងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការគ្នាពង្រឹងការទប់ស្កាត់ ឱ្យបានរាល់ពលរដ្ឋចេញចូលខេត្តព្រះសីហនុ។

លោក ជាវ តាយ បានដាក់ចេញបទបញ្ជាដូចនេះនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការទប់ស្កាត់ពលរដ្ឋចេញចូលខេត្តព្រះសីហនុ ដោយចូលរួមពីថ្នាក់ដឹកនាំ អង្គភាពកងកម្លាំងទាំង៣ មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះដែរលោក ជាវ តាយ បានលើកបញ្ជាក់ថា បញ្ហាជំងឺឆ្លងកូវីដ១៩ គឺជាបញ្ហាដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែមាន ការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកាចសាហាវនេះ មកលើសុខភាពប្រជាពលរដ្ឋ និងសហគមន៍។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត លោក ជាវ តាយ បានសម្រេចដាក់ចេញបទបញ្ជាដូចជា៖

*ទី១៖ អាជ្ញាធរស្រុកទឹកឈូ សហការជាមួយកងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការគ្នាអនុវត្តឲ្យមានប្រសិទ្ធភាពនូវបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ហើយត្រូវចៀសវាងដាច់ខាតនូវបញ្ហាបាតុភាពអសកម្មផ្សេងៗ។

*ទី២៖ ពាក់ព័ន្ធនឹងការឆ្លងកាត់ចេញចូលត្រូវដាក់ទីតាំងចំណុចគោលដៅលើដងផ្លូវជាតិលេខ៣ រវាងព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងស្រុកទឹកឈូខេត្តកំពត ត្រូវមានការប្រុងប្រយ័ត្នបំផុត ប៉ុន្តែក្នុងនោះការដឹកទំនិញចេញចូលនៅតែឱ្យមានការប្រព្រឹត្តដដែល ហើយក្នុងនោះដែរក៏ត្រូវឲ្យមានការត្រួតពិនិត្យវាស់កំដៅ និងធ្វើការ សម្ភាសន៍ជាមួយប្រជាពលរដ្ឋ ដែលឆ្លងកាត់ឲ្យដឹងពីប្រវត្តិគោលដៅចេញនិងចូល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្រាវជ្រាវ និងតាមដានក្នុងករណីសង្ស័យ មានបញ្ហាវិជ្ជមានកូវីដ១៩ កើតឡើងលើប្រជាពលរដ្ឋដែលបានឆ្លងកាត់។

ជាមួយគ្នានោះ លោក ជាវ តាយ ក៏បានណែនាំដល់កងកម្លាំង និងអាជ្ញាធរជំនាញពាក់ព័ន្ធឱ្យមានការយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានចំពោះបញ្ហាការរឹតបន្តឹង ទប់ស្កាត់ការឆ្លងចេញចូលរវាងខេត្តព្រះសីហនុ និងខេត្តកំពតមួយរយៈនេះ និងស្នើឲ្យត្រៀមរង់ចាំការអនុវត្តនូវវិធានការ និងបទបញ្ជាថ្មីៗរបស់សម្ដេចតេជោ ហ៊ុន សែន បន្តទៀតចំពោះបញ្ហាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩នេះ៕