(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ នៅតែបន្តបើកទទួលពាក្យចូលរួមកម្មវិធីកញ្ចប់ជំនួយលើកទី៣ ដើម្បីជួយដល់សហគ្រាសធុន តូច មធ្យម និងធុរកិច្ចបង្កើតថ្មី។

កញ្ចាប់ជំនួយនេះ មានចក្ខុវិស័យជួយស្តារសហគ្រាសក្នុងស្រុកទាំងតូច មធ្យម និង ធុរកិច្ចបង្កើតថ្មីលើវិស័យ បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា សេវាកម្ម កសិកម្ម និងផលិតកម្ម ដែលកំពុងប្រឈមអំឡុងពេលវិបត្តិកូវីដ-១៩។

ជាក់ស្តែងរហូតមកដល់ថ្ងៃនេះ មានបេក្ខជនដាក់ពាក្យចូលរួមពីស្ទើរគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់លើវិស័យអាទិភាពសំខាន់ៗទាំង៤ ដែលសហគ្រិនខ្មែរបានផ្តោតចិត្តទុកដាក់ពោលគឺ អាជីវកម្មសេវាកម្ម បដិសណ្ឋារកិច្ច ព័ត៌មានវិទ្យា និងកសិកម្ម។

អគ្គនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ លោកបណ្ឌិត ឈៀង វណ្ឌមុនិណ្ឌ បានថ្លែងថា «ដោយមើលឃើញអំពីប្រសិទ្ធភាព នៃកញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ ទាំង២លើក ចាប់តាំងពីឆ្នាំ២០២០មក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ នៅតែបើកឱកាសឲ្យសហគ្រិនក្នុងស្រុក អាចស្នើរសុំប្រកួតប្រជែង ដើម្បីទទួលបានកញ្ចប់ ជំនួយដែលអាចជួយពួកគាត់ បន្តអាជីវកម្មនៅអំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ»

លោកក៏បានលើកទឹកចិត្ត ដល់សហគ្រិនដែលធ្លាប់ចូលរួមប្រកួតកាលពីរដូវកាលមុន ដែលមិនបានជាប់ទទួលកញ្ចប់ជំនួយអាចព្យាយាមជាថ្មីម្តងទៀត និងបានក្រើនរំឮកដល់អ្នកមិនទាន់បានដាក់ពាក្យ សូមរួសរាន់ដើម្បីកុំឲ្យឱកាសមាសនេះ កន្លងផុតទៅ។

ជាក់ស្តែង ដំណើរការនៃការជ្រើសរើសអាជីវកម្ម ដើម្បីទទួលបានកញ្ចប់ជំនួយនេះរួមមាន៖ ការធ្វើបទបង្ហាញអំពីដំណើរអាជីវកម្ម និងយុទ្ធសាស្រ្តក្នុងការប្រើប្រាស់កញ្ចប់ថវិកា រហូតដល់ជ្រើសរើសជ័យលាភី។

គួររំឮកថា កញ្ចប់ជំនួយជួយដល់សហគ្រាសធុនតូច និង មធ្យម និង ធុរកិច្ចបង្កើតថ្មីនេះ ធ្លាប់បានប្រគល់កញ្ចប់ជំនួយ២លើករួចមកហើយ នៅក្នុងឆ្នាំ២០២០ ក្រោមជំនួយថវិកាប្រមាណជា៤០ម៉ឺនដុល្លារអាមេរិក។

បេក្ខជនដែលចាប់អារម្មណ៍ដាក់ពាក្យអាច ធ្វើការស្វែងរកព័ត៌មានបន្ថែមតាមរយៈ ទំព័រហ្វេសបុកផ្លូវការរបស់សហគ្រិនខ្មែរគឺ Khmer Enterprise-សហគ្រិនខ្មែរ ឬ អាចដាក់ពាក្យតាមរយៈ តំណរខាងក្រោម https://forms.gle/27Z9w8zX26BefqTp7