(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ គ.អ.ឆ.ក. បានណែនាំឱ្យរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា ត្រូវរៀបចំសោភ័ណភាពនៅតាមឆ្នេរសមុទ្រសំខាន់ៗក្នុងខេត្តរបស់ខ្លួន ដើម្បីត្រៀមចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតនាពេលខាងមុខ។

ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយតាមរយៈ Zoom Meeting ស្តីពីការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ អមដោយកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាពលើគោលការណ៍ណែនាំ ស្តីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និងក្រមប្រតិបត្តិឆ្នេរ ឱ្យស្របតាមស្ថានភាពបច្ចុប្បន្នក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការរង គ.អ.ឆ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត លោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប តំណាងរដ្ឋបាលខេត្តកំពត និងដោយមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តកែប។

ក្នុងឱកាសនៃអង្គសិក្ខាសាលាផ្សព្វផ្សាយតាមរយៈ Zoom Meeting ខាងលើ ដោយឈរលើស្មារតីទទួលខុសត្រូវរួមគ្នាក្នុងកិច្ចអភិវឌ្ឍឆ្នេរប្រកបដោយចីរភាព និងដើម្បីចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លងនានានៅតាមរមណីយដ្ឋានឆ្នេរ ធានាបានថាគោលដៅទេសចរណ៍ឆ្នេរខ្សាច់កម្សាន្តទាំងអស់នៅក្នុងខេត្តទាំង ៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកសម្រាកកម្សាន្ត សូចនាករគោលចំនួន ៣ ត្រូវបានគាំទ្រ និងស្នើជាសូចនាករថ្មីបន្ថែមសម្រាប់ដាក់បញ្ចូលនៅក្នុងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ក្នុងនោះរួមមានគោលនយោបាយជាតិភូមិ-ឃុំមានសុវត្ថិភាព ការអនុវត្តវិធានសុខាភិបាល ការគ្រប់គ្រងដែនដីនិងនគរូបនីយកម្ម (ដោយឆ្នេរខ្សាច់កម្សាន្តនីមួយៗត្រូវមានប្លង់ឆ្នេរ និងការធ្វើ zoning ទីតាំងជាមួយមុខងារប្រើប្រាស់ច្បាស់លាស់ ស្របតាមសារាចរណែនាំលេខ ០១។

សម្រាប់ខេត្តកែប លោកអនុរដ្ឋលេខាធិការបានគាំទ្រចំពោះទស្សនវិស័យរបស់រដ្ឋបាលខេត្តកែប ដែលមានបំណងរៀបចំឆ្នេរអង្កោលជាឆ្នេរគំរូសម្រាប់ត្រៀមយកពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អ នៅក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរមកសម្រាកកម្សាន្ត ចូលរួមបញ្ចៀសការកកស្ទះទេសចរនៅក្នុងក្រុងកែបផងដែរ ពិសេសថ្ងៃបុណ្យឈប់សម្រាក។ ទន្ទឹមគ្នានោះ ដើម្បីសម្រេចទស្សនវិស័យនេះ លោកអនុរដ្ឋលេខាធិការបានស្នើដល់រដ្ឋបាលខេត្តកែបបន្តជំរុញ និងពន្លឿនការរៀបចំប្លង់គោលប្រើប្រាស់ដីតំបន់ឆ្នេរអង្កោល ខណៈដែលប្លង់គោលប្រើប្រាស់ដីស្រុកដំណាក់ចង្អើរបាននិងកំពុងរៀបចំ។

សម្រាប់ខេត្តកំពត លោកអនុរដ្ឋលេខាធិការបានលើកទឹកចិត្តដល់រដ្ឋបាលខេត្តកំពត រៀបចំកែលម្អឆ្នេរខ្សាច់ធម្មជាតិនៅលើកោះសេះ និងពិសេសឆ្នេរខ្សាច់សប្បនិម្មិតដែលបាននិងកំពុងរៀបចំជិតរួចរាល់នៅស្រុកទឹកឈូ ឲ្យស្របតាមស្តង់ដាបច្ចេកទេសដែលមានចែងក្នុងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និងក្រមប្រតិបត្តិឆ្នេរ សំដៅលើកកម្ពស់ទាំងសោភ័ណភាព និងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តប្រកបដោយចីរភាពផង ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗសម្រាប់ទេសចរមកលេងកម្សាន្តផង ក៏ដូចជាត្រៀមចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ចេញចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ ដែលការវាយតម្លៃត្រូវប្រើប្រាស់គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ដែលមាន ៨ សូចនាករគោល រួមមាន ៦៨ លក្ខណៈវិនិច្ឆ័យ។ ឯកសារគោលការណ៍ណែណែនាំ ស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦នោះ នឹងត្រូវធ្វើបច្ចុប្បន្នភាពដោយបន្ថែមសូចនាករថ្មីចំនួន ៣ ដូចរៀបរាប់ខាងលើ៕