(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមធ្វើកំណាយនៅប្រាសាទវាលផ្ទី ដែលជាប្រាសាទតូចមួយនៅចំកណ្ដាលបារាយណ៍ក្បែរប្រាសាទបេងមាលា ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីប្រមូលបំណែកថ្មចម្លាក់ធំមួយដែលបែកបាក់កប់នៅទីនោះ ហើយនឹងផ្គុំបំណែកថ្មចម្លាក់នោះឡើងវិញ ព្រមទាំងដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលប្រាសាទនេះឡើងវិញផងដែរ។

ប្រាសាទនេះជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ ប៉ុន្តែបានបាក់ធ្លាក់បាត់រូបរាងអស់ហើយ។ អាជ្ញាធរបានបញ្ជាក់ថា ក្នុងចំណោមថ្មដែលបាក់ធ្លាក់ដល់ដីនោះ ក៏មានបំណែកថ្មចម្លាក់ខ្លះដែលរាយប៉ាយដាច់ចេញពីគ្នា ក្រោមការប៉ាន់ស្មានថាជារូបភាព ២៖ ទីមួយអាចជាចម្លាក់ «ព្រះវិស្ណុផ្ទុំលើនាគអនន្ត» ដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងទីពីរអាចជាចម្លាក់ «ព្រះពុទ្ធប្រក់នាគ» ដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែគេពុំទាន់ដឹងថាចម្លាក់នេះជារូបអ្វីពិតប្រាកដនៅឡើយទេ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាសម្រេចធ្វើកំណាយស្រាវជ្រាវប្រមូលរកបំណែកថ្ម និងផ្គុំឡើងទាំងអស់ ដើម្បីដឹងថាថ្មចម្លាក់នោះជារូបអ្វីពិតប្រាកដ។

ពិធីក្រុងពលីកំណាយប្រាសាទវាលផ្ទីនេះ ត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ តំណាងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន រួមទាំងសហការីអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋានផងដែរ។

សូមជម្រាបថា ពាក់ព័ន្ធនឹងប្រាសាទបេងមាលា គឺត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ តាមរចនាប័ទ្មអង្គរ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ រាល់ប្រាសាទដែលឧទ្ទិសថ្វាយព្រះវិស្ណុនេះទៀតសោត គឺតែងមានចម្លាក់ព្រះវិស្ណុ និងចម្លាក់អាទិទេពផ្សេងទៀត ដែលស្ថិតក្នុងព្រះកិរិយាផ្សេងៗ ក្នុងនោះរូបព្រះវិស្ណុផ្ទុំលើនាគអនន្តក៏ត្រូវបានរំលេចឡើងជាច្រើនមកដែរ។

នៅក្នុងគម្ពីរបានតំណាលថា ក្រោយពេលចក្រវាឡទាំងមូលត្រូវភ្លើងឆេះរលាយសាបសូន្យផុតទៅ ចក្រវាឡថ្មីក៏បានកើតឡើងវិញ ដែលដំបូងឡើយមានតែមហាសមុទ្រប៉ុណ្ណោះ។ នៅក្នុងមហាសមុទ្រនោះមានទារកមួយបានផុសអណ្តែតឡើង កុមារនោះគឺទ្រដោយស្លឹកឈើ។ ក្រោយមក ស្លឹកឈើបានប្រែក្លាយជាសត្វនាគអនន្តដែលមានក្បាលមួយពាន់ដ៏ធំអស្ចារ្យ រីឯទារកនោះក៏បានលូតលាស់ធំឡើងៗក្លាយជាព្រះអាទិទេពមួយអង្គ នោះគឺព្រះវិស្ណុ ឬព្រះនារាយណ៍។ ត្រង់ចំណុចនេះហើយដែលគេកសាងរូបចម្លាក់ថ្ម ឬចម្លាក់លោហៈស្ដែងពីព្រះវិស្ណុផ្ទុំលើនាគអនន្តនេះឯង។

ដូច្នេះប្រសិនបើប្រាសាទវាលផ្ទីកសាងឡើងក្រោមស្នាព្រះហស្ដព្រះបាទសូរ្យវរ្ម័នទី២ ពិតមែន នោះថ្មចម្លាក់ដែលសង្ស័យនោះ ប្រហែលជារូបព្រះវិស្ណុផ្ទុំលើនាគច្រើនជាង៕