(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងជំរុញឱ្យសមាជិក សមាជិកាគណៈកម្មការអន្តរក្រសួងបន្តខិតខំ ប្រឹងប្រែង ចុះផ្សព្វផ្សាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ទៅកាន់បណ្ដាក្រុមហ៊ុនឯកជនធំៗនានា ដែលមានបំណងចង់ប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួនឱ្យបានច្រើន បន្ថែមទៀត ដើម្បីកៀងគរចំណូលថវិកាចូលជាតិឱ្យបានច្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញដូចនេះនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សា លើតម្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មកាអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើការពិភាក្សាវឌ្ឍនភាពការងារទាក់ទងនឹងការគ្រប់គ្រងការចុះបញ្ជីយានយន្ត និងរូបមន្តកំណត់តម្លៃលក់លេខពិសេសផ្ទាល់ខ្លួន នៅក្នុង ប្រព័ន្ធអនឡាញ សំដៅធានាបាននូវការគ្រប់គ្រង និងការប្រមូលចំណូលថវិកាជាតិឱ្យបានច្រើនឡើងថែមទៀត។

ជាមួយគ្នានោះដែរទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍកម្មវិធី (App) កាត់ពិន្ទុបណ្ណបើកបររបស់អ្នកបើកបរ ដែលល្មើសច្បាប់ចរាចរណ៍ដូចជា៖ បើកបរអត់ពាក់ខ្សែក្រវ៉ាត់ បើកបរហួសល្បឿនកំណត់ និងបើកបររំលោភភ្លើងសញ្ញាចរាចរណ៍ជាដើម ដោយក្នុងកម្មវិធីនោះប៉ូលិសអាចធ្វើការកាត់ពិន្ទុ លើបណ្ណបើកបរ របស់អ្នកបើកបរដែលល្មើសនោះបានភ្លាមៗតែម្តង។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលកម្ពុជា ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថភាពអាចប្រើប្រាស់យន្តការបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការផ្ដល់សេវាសាធារណៈ ស្របតាមការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល និងបដិវត្តឧស្សាហកម្ម៤.០ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលជូនរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។

គួររំលឹកផងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដាក់ឱ្យដំណើរជាផ្លូវការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតី លោកទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល ដែលមានគោលដៅជាចម្បងក្នុងការកាត់បន្ថយនូវនីតិវិធីស្មុគស្មាញក្នុងការបំពេញឯកសារ ក៏ដូចជាបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងជៀសវាងបាននូវការចំណាយក្រៅផ្លូវការ៕