(ភ្នំពេញ)៖ អ្នកបើករថយន្ត Lexus RX330 ពាក់ស្លាកលេខ ខម 2-6882 ដែលបានបាញ់ប្រហារ ទៅលើបុរសរត់ម៉ូតូឌុប នៅមុខផ្សារហេងលី គឺជាយោធាពាក់ផ្កាយ១ បម្រើការងារនៅខាងភស្តុភារ នៃក្រសួងការពារជាតិ ឈ្មោះ ហេង នេះបានតាមមន្រ្តីអាវុធហត្ថ បានលួចបង្ហើបដល់ភ្នាក់ងារ Fresh News ខណៈដែលកម្លាំងអាវុធហត្ថ បាននាំបុរសម្នាក់ ទំនងជាសាច់ញាតិ របស់ជនបង្កទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តការសួរនាំស្វែងរកអ្នកបើករថយន្ត។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណជិត៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានហេតុការណ៍កើតឡើងមួយ ដោយអ្នកបើករថយន្ត Lexus RX330 មួយគ្រឿង​ ពាក់ស្លាកលេខ ខម 2-6882 បានបាញ់ប្រហារចំនួន១គ្រាប់ ទៅលើអ្នកជិះម៉ូតូតាមផ្លូវម្នាក់ ខណៈដែលមានគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ស្ថិតនៅតាមផ្លូវលេខ២៧១ ក្បែរផ្សារហេងលី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បន្ទាប់ពីបាញ់ប្រហារ ទៅលើអ្នកជិះម៉ូតូ (អ្នកជិះម៉ូតូមិនមានរងរបួស) ម្ចាស់រថយន្ត Lexus RX330 បានបើករត់គេច ត្រូវកម្លាំងអាវុធហត្ថក្រុងភ្នំពេញ​ តាមចាប់បាននៅចំណុចក្បែរវត្តស្ទឹងមានជ័យ ប៉ុន្តែចាប់បានតែរថយន្តប៉ុណ្ណោះ ខណៈអ្នកបើករត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ស្រាប់តែមានបុរសម្នាក់ កាន់សោររថយន្តមកចាក់ទ្វារយកឥវ៉ាន់ ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ហើយដឹកតាមរថយន្តយកទៅសួរនាំបន្តទៀត។ ករណីនេះបង្កឲ្យមានការផ្អើល ប្រជាពលរដ្ឋតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះ រហូតនាំគ្នាជិះម៉ូតូដេញតាម ហើយយកដុំថ្មគប់ទៅលើរថយន្តទៀតផង បណ្តាលឲ្យបែកកញ្ចក់ខាងក្រោយ។

ជនរងគ្រោះដែលរួចផុតពី សេចក្តីស្លាប់នេះ មានឈ្មោះ ​រៀម​ ឃួន​ ស្នាក់នៅ​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕

បុរសម្នាក់ជិះរថយន្ត Lexus RX330 បាញ់ប្រហារទៅលើបុរសជិះម៉ូតូតាមផ្លូវម្នាក់ ផ្អើលពេញក្រុងភ្នំពេញ៕

Posted by Fresh News on Saturday, February 27, 2016