(កំពត)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ នៅក្នុងប្រទេសកម្ពុជា រួមគ្នាលើកកម្ពស់កិត្យានុភាពជាតិខ្មែរឡើងវិញ ដើម្បីឱ្យដូចកាលពីអតីតកាល។

លោក កឹម សុខា បានអំពាវនាវបែបនេះ ខណៈដែលចូលរួមវេទិកាសាធារណៈ នៅក្នុងមូលដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។

លោក កឹម សុខា បានលើកឡើងថា «ប្រទេសកម្ពុជា ធ្លាប់ល្បីល្បាញណាស់ មិនគួរឡើយមកដល់សព្វថ្ងៃនេះ គេចេញរបាយការណ៍ថា យើងជាប្រទេសដែលប្រើអំពើហិង្សាច្រើនជាងគេ ខ្ញុំឮសូរគេដៀលគេថាបែបនេះ ខ្ញុំឈឺចាប់ណាស់»

លោកបានបន្ថែមថា «ខ្ញុំចង់ឱ្យខ្មែរយើងទាំងអស់គ្នា ងាកមកចាប់ដៃគ្នាសូម្បីនៅបក្សផ្សេងៗគ្នាក៏ដោយ មាននិន្នាការនយោបាយផ្សេងគ្នាយ៉ាងណាក៏ដោយ ត្រូវរួមគ្នាលើកកិត្យានុភាព លើកកិត្តិយសខ្មែរយើងឡើងវិញ ឱ្យបានជាដាច់ខាត»