(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចនៃប្រទេសមួយ​អាចមានលំនឹង រីកលូតលាស់ទៅបាន គឺអាស្រ័យទៅកត្តា​ច្រើនយ៉ាង ដែលនៅក្នុងនោះ​វិស័យវិនិយោគឯកជន គឺជាផ្នែកមួយ​ដែលត្រូវតែជម្រុញ និងមិនអាចខ្វះបានក្នុងការរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយកត្តាខាងលើនេះ នឹងមិនអាចកើតឡើងបានដែរ បើសិនប្រទេសយើងធ្លាក់ នៅក្នុងស្ថានភាព​អសន្តិសុខ និងបាត់បង់នូវស្ថេរភាពសង្គម។

លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈចូលរួមក្នុងពិធីសម្ពោធផ្ទះគំរូ និងបើកការដ្ឋានសាងសង់អាគារកម្ពស់៣៩​ជាន់ នៃមជ្ឍមណ្ឌល The Gateway នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក ហ៊ន ម៉ាណែត បានបញ្ជាក់ថា តាមរយៈគោលនយោ​បាយផ្សារ​សេរី និងសក្តានុពលអនុគ្រោះផ្សេងៗ ព្រមទាំងបរិយាកាសសន្តិសុខ និងស្ថេរភាព​សង្គមនៅកម្ពុជា ក្រោមការជម្រុញ​លើកទឹកចិត្ត និងការដឹកនាំរបស់ប្រមុខ​រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ចរន្តសេដ្ឋកិច្ចទីផ្សារវិស័យឯកជននៅកម្ពុជា នឹងកាន់តែ​កើនឡើងជា​លំដាប់ ដែលនឹងបន្តជម្រុញ​ដល់ភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ចជាក់ជាមិនខាន។

លោក ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា កម្ពុជាបានអនុម័តច្បាប់ និងលក្ខខណ្ឌមួយចំនួន ដើម្បីសម្រួលដល់ការ​បើកចំ​ហរសេដ្ឋកិច្ច ឱ្យកាន់តែល្អប្រសើរ និងលើកទឹកចិត្តដល់វិនិយោគបរទេស ហើយបច្ចុប្បន្ននេះ​កម្ពុជា គឺជាប្រទេសដែលបានផ្តល់នូវរបបវិនិយោគ​សេរី និងអនុគ្រោះពន្ធលើកទឹក​ចិត្តច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍​ដែលការវាយតម្លៃ របស់ធនាគារពិភពលោក កម្ពុជាយើង​គឺជាប្រទេស ដែលជាប់ចំណាប់លេខ១០​ក្នុងចំណោមបណ្តាប្រទេស​ចំនួន១៧០ប្រទេស លើកំណើនសេដ្ឋកិច្ចល្អបំផុតក្នុង​ទស្សវត្សកន្លងទៅ ជាពិសេសបានធ្វើឲ្យអាត្រាភាពក្រីក្រ បានធ្លាក់ចុះ​ជាលំដាប់ពីមួយ​ឆ្នាំទៅមួយឆ្នាំ ដែលកម្ពុជាទទួលចំណាត់ថ្នាក់ទី៤ ក្នុងពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយ៉ាងសកម្ម។

ជាក់ស្តែងអាគារកម្ពស់៣៩ជាន់ នៃមជ្ឍមណ្ឌល The Gateway ដែលយើងប្រារព្ធនាឱកាសនេះ គឺជានិមិត្តរូបក្នុងការភាពរីកលូតលាស់ នៃវិស័យឯកជនថ្មីមួយថែមទៀត ដែលរាជរដ្ឋាភិបាល​តែង​តែចាត់ទុក​វិស័យនេះ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ក្នុងគោលដៅជម្រុញ​សកម្មភាពសេដ្ឋកិច្ច ការបង្កើតទីផ្សារការងារ និងការលើកម្ពស់​ប្រាក់ចំណូលជូនប្រជាជន៕