(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា លោកស្រីអនុសេនីយ៍ទោ ស៉ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសធំដុំនោះទេ ហើយលោកស្រីត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តថែមទៀតផងដែរ។
ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសារតែមានការរិះគន់យ៉ាងខ្លាំងពីមហាជន ចំពោះអធិការនគរបាលស្រុកសៀមប៉ាង ដែលហៅស្ត្រីនគរបាលខាងលើមកធ្វើកិច្ចសន្យាណែនាំ ក្រោយមានការបង្ហោះរូបភាពបំបៅដោះកូន ពេលកំពុងបំពេញការងារ។ លោកអធិការនគរបាលស្រុកសៀមប៉ាង បានចាត់ទុកថា សកម្មភាពស្ត្រីនគរបាលខាងលើនោះខុស ដោយសំអាងថា រាល់ការផ្តល់ព័ត៌មាន ឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុនសិនពីប្រធានអង្គភាពរបស់ខ្លួន។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកអះអាងថា ស្ត្រីនគរបាលដែលបំបៅដោះកូន ពេលកំពុងបំពេញការងារ នៅខេត្តស្ទឹងត្រែងនោះ មិនមានកំហុសអ្វីឡើយ។ បន្ថែមលើនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងជាការលើកទឹកចិត្តដល់មន្ត្រីនគរបាល, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួន ដល់ស្ត្រីនគរបាលខាងលើផងដែរ។ លោកអះអាងថា ការបំបៅដោះកូនជាភារកិច្ចមួយដែលមិនអាចខានបានរបស់មាតាគ្រប់រូប។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានបញ្ចេញមតិពាក់ព័ន្ធនឹងករណីខាងលើនេះ។ លោកអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលយកនូវការបញ្ចេញមតិប្រកបដោយការស្ថាបនានេះ។
សូមជម្រាបថា រូបភាពបំបៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ខាងលើ បានអង្រួនបេះដូងអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីរូបភាពត្រូវបានបង្ហោះ ស្របពេលដែលកម្ពុជា និងពិភពលោកប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។ អ្វីគួរឲ្យសោកស្តាយនោះ បន្ទាប់ពីរូបភាពនេះបានធ្វើឲ្យស្ត្រីនគរបាលរូបនេះ ជួបការលំបាកសម្រាប់ខ្លួនឯងទៅវិញ ព្រោះតែថ្នាក់លើរបស់គាត់ បានកោះហៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់ធ្វើបែបនេះទៀត ដោយអះអាងថាទង្វើនោះប៉ះពាល់ដល់កិត្តិយសអង្គភាព និងកិត្តិយសស្ត្រីខ្មែទៅវិញ។
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក៏បានសម្តែងការសោកស្តាយជាខ្លាំង ដែលអធិការស្រុកសៀមប៉ាង ព្រមានស្ត្រីជាមន្ត្រីនគរបាលបំបៅដោះកូនខាងលើនេះ៕