(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ កំពុងចូលបំភ្លឺនៅ សាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅ Agile sweater ។

លោក ប៉ាវ ស៊ីណា ត្រូវបានលោក ម៉ែន វណ្ណៈ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ កោះហៅឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងសំណុំរឿង ហិង្សានៅ Agile sweater ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងនោះក៏មានសហជីព៦នាក់ផ្សេងទៀតដែរ ដែលពាក់ព័ន្ធនឹងការ ចោទប្រកាន់នេះ។

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) បានប្រកាសកាលពីម្សិលមិញថា នៅព្រឹកនេះលោក និងសហការីម្នាក់ទៀត នឹងចូលខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ មានករណីហិង្សាមួយ ដែលប៉ះទង្គិចគ្នារវាងកម្មករតវ៉ា និងបក្ខពួកសន្តិសុខ រោងចក្រ Agile sweater នៅភូមិតាអោង ក្រុងច្បារមន បណ្តាលឱ្យរងរបួសមួយចំនួន នៅពេលដែលកម្មករធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារ៩ចំណុច ពីថៅកែ។ ក្រោយមានករណីហិង្សានេះ ថៅកែរោងចក្រ បានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីប្តឹងសហជីព និងកម្មករ៕