(ភ្នំពេញ)៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh New ឲ្យដឹងថា ផ្លូវ៣៤ខ្សែ និងការរៀបចំតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ នឹងត្រូវបញ្ចប់តាមការគ្រោងទុក ទោះបីមានព្រឹត្តិការណ៍២០កុម្ភៈក៏ដោយ។

លោកបញ្ជាក់ថា ទន្ទឹមនឹងមានការបិទមិនឲ្យចេញ-ចូលក្នុងខេត្ត ដោយលើកលែងឲ្យតែដំណើរការដឹកជញ្ជូនទំនិញនោះ ខេត្តព្រះសីហនុ មិនបានបិទច្រកសេដ្ឋកិច្ចខេត្តនោះទេ ស្របពេលមានការទប់ស្កាត់ជំងឺកូវីដ១៩ ឃើញថា ទាក់ទងនឹងការអនុវត្តវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាង៣៤ខ្សែ គឺមានការដំណើរការជាធម្មតា។

លោកបញ្ជាក់ទៀតថា បើយោងតាមភាគរយៈជាកស្ដែងនៃការសាងសង់ផ្លូវទាំង៣៤ខ្សែនេះ បច្ចុប្បន្នសម្រាប់ផ្លូវបេតុង គឺបានសម្រេច១០០ភាគរយហើយ, ការចាក់កៅស៊ូ គឺបានជាង៩០ភាគរយ និងការងារផ្សេងៗដែលនៅសល់នោះ គឺដូចជាការបំពាក់កាំមេរ៉ាសុវត្ថិភាព គំនូសចរាចរណ៍ រួមទាំងស្លាកសញ្ញាចរាចរណ៍។ សរុបជារួមលោករំពឹងថា នឹងអាចបញ្ចប់តាមគម្រោង នៅពេលមុនពិធីបុណ្យប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

លោកបន្ថែមថា ចំពោះការរៀបចំឆ្នេរនៅតាមតំបន់មួយចំនួនក្នុងខេត្ត ដូចជា ក៏មានដំណើរការរៀបចំជាធម្មតាផងដែរ ព្រោះថា ដោយសារតែការរៀបចំឆ្នេរនេះ បានអនុវត្តទៅតាមគម្រោង ដែលបានដាក់ចេញនាពេលកន្លងមក ដូច្នេះគឺមិនមានការផ្អាកដំណើរការនោះទេ។

លោកបន្ថែមទៀតថា «ជាក់ស្ដែងចំពោះការរៀបចំឆ្នេរនេះដែរ គឺយើងបានរៀបចំកែលម្អឆ្នេរជារួមទៅលើដូចជា ឆ្នេរអូរឈើទាល១, ឆ្នេរអូរឈើទាល២, ឆ្នេរអូរត្រេះ១, ឆ្នេរអូរត្រេះ២, និងឆ្នេរជំទាវម៉ៅផងដែរ»

លោកថ្លែងបន្តទៀតថា «ក្នុងស្ថានភាពនេះប្រសិនបើយើង ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល រួមទាំងការអំពាវនាវរបស់ខេត្ត និងប្រជាពលរដ្ឋមិនមានការចល័ត ហើយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលលោកបានដាក់ចេញ ៣កុំ និង៣ការពារ នោះនឹងផ្ដល់ភាពងាយស្រួល ដល់ការគ្រប់គ្រងពីស្ថានភាពដ៏អាក្រក់នេះបានផងដែរ»

លោករំលេចផងដែរថា ស្របពេលដែលវិស័យផ្សេងៗ ដំណើរការធម្មតាក៏ពិតមែន តែក្នុងនោះមានវិស័យសាងសង់សំណង់ក្នុងខេត្ត មានការផ្អាកដំណើរការ ហើយក្នុងនោះនៅមានទីតាំងតិចបំផុងនៅដំណើរការប៉ុណ្ណោះ។ ការផ្អាកដំណើរការសាងសង់សំណង់នេះដែរ បន្ទាប់ពីមានការអំពាវនាវរបស់រដ្ឋបាលខេត្ត ដែលបានសូមឲ្យប្រជាពលរដ្ឋកុំចាក់ចេញ ឬធ្វើការចល័តទៅតាមទីតាំង ដែលមានការប្រមូលផ្ដុំផ្សេងៗ លើកលែងតែមានករណីណាមួយដែលចាំបាច់។

លោកបន្តថា សំណង់វិនិយោគក្នុងខេត្តព្រះសីហនុ ភាគច្រើនជាសំណង់អគារខ្ពស់ៗ ដូចជាសំណង់បែបអគារពាណិជ្ជកម្ម សណ្ឋាគារ និងសំណង់ផ្សេងៗទៀត ដែលបម្រើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្ត។

លោកក៏បានបញ្ជាក់ផងដែរថា រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕