(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងអនុវត្តយន្តការថ្មីមួយទៀត ដោយតម្រូវឲ្យអ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ពេលដែលគាត់ចេញពីមន្ទីរពេទ្យ ត្រូវបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃបន្ថែមទៀត។ នេះជាយន្តការថ្មី ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍សាជាថ្មី។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ សាលារាជធានីភ្នំពេញ បានស្នើទៅក្រសួងសុខាភិបាល ដោយដាក់ចេញយន្តការថ្មី តម្រូវឲ្យអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ គឺត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃថែមទៀត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងឆ្លងចូលសហគមន៍ទៅថ្ងៃខាងមុខបន្តទៀត។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងឲ្យអ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ធ្វើកិច្ចសន្យា ៤ចំណុចដូចខាងក្រោម៖

១៖ បន្តធ្វើចត្តាឡីស័កនៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬ ទីតាំងឯកជន ដែលមានបន្ទប់ដាច់ដោយឡែកមានខ្យល់ចេញចូលល្អ ឱ្យបានគ្រប់ពេលវេលាកំណត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺដាច់ខាតមិនដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក និងមិនប្រាស្រ័យទាក់ទងជាមួយសាច់ញាតិ មិត្តភក្តិ ឬ បុគ្គលណាមួយឡើយក្នុងអំឡុងពេលចត្តាឡីស័ក។

២៖ បន្តតាមដានសុខភាពផ្ទាល់ខ្លួន ដោយត្រូវត្រួតពិនិត្យកម្តៅខ្លួន ពីរ (២) ដងក្នុងមួយថ្ងៃ ហើយប្រសិនបើមានអាការៈគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ ពិបាកដកដង្ហើម ឈឺក្បាល ឈឺសាច់ដុំ ឬ រាក នឹងរាយការណ៍ជាបន្ទាន់ទៅទូរស័ព្ទលេខ ១១៥ ឬ ក្រុមគ្រូពេទ្យដែលនៅជិតបំផុត ដើម្បីទទូលការពិនិត្យ និងព្យាបាលឡើងវិញ។

៣៖ ប្តេជ្ញាអនុវត្តឱ្យបានម៉ឺងមាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

៤៖ ការមិនអនុវត្តបានត្រឹមត្រូវ ឬ អនុវត្តដោយធ្វេសប្រហែសនូវវិធានការរដ្ឋបាល និង/ឬ វិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាបទល្មើស ដែលបុគ្គលល្មើសត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមជម្រាបដែរថា កម្ពុជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន គឺជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលធ្វើឲ្យមានអ្នកឆ្លងជាបន្តបន្ទាប់ មិនទាន់មានភាពធូរស្រាលនៅឡើយ។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕