(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃអង្គារនេះ បានអះអាងថា លោកនឹងស្នើសុំទៅអង្គភាពប្រឆាំង អំពើពុករលួយ ដើម្បីចូលរួមប្រកាសទ្រព្យសម្បត្តិ នៅពេលឆាប់ៗនេះ ។

លោក ពេជ្រ ស្រស់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះថា ក្នុងនាមអ្នកនយោបាយ លោកត្រូវតែធ្វើជាគំរូដល់មន្រ្តី អ្នកដឹកនាំ និងប្រជាពលរដ្ឋ ជាពិសេសយុវជន នៅក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។

លោក ពេជ្រ ស្រស់ បានលើកឡើងថា «ខ្ញុំជាអ្នកដឹកនាំវ័យក្មេង ខ្ញុំត្រូវតែធ្វើជាគំរូដល់ អ្នកដឹកនាំ ប្រជាពលរដ្ឋ និងយុវជន ទាំងអស់ឲ្យចេះគោរពច្បាប់ មានតែមេដឹកនាំនយោបាយទេ ដែលអាចធ្វើជាជនគំរូដល់ប្រជាពលរដ្ឋខ្លួន ហើយការប្រកាស ទ្រព្យសម្បត្តិនេះផងដែរ បើសិនជាតម្រូវអោយមន្រ្តីជាន់ខ្ពស់របស់គណបក្សយុវជនកម្ពុជាចូលខ្លួនប្រកាស ទ្រព្យសម្បត្តិនេះផងដែរ នោះមន្រ្តីជាន់ខ្ពស់នៃគណបក្សយុវជនកម្ពុជា យើងនឹងចូលខ្លួនប្រកាសភ្លាម»

សូមជំរាបថា គណបក្សយុវជនកម្ពុជា ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៥ ដែលថ្នាក់ដឹកនាំភាគច្រើនគឺជាយុវជន៕