(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញបញ្ជាក់ជាផ្លូវការនូវការស្លាប់របស់បុរសជាអ្នកជំងឺម្នាក់ទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននេះបន្តិច។
ក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសដែលស្លាប់នេះ ជាជនជាតិខ្មែរអាយុ ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមក្រសួងសុខាភិបាលនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសខាងលើនេះ ដោយមានរោគសញ្ញាក្ដៅខ្លួន និងហត់ បានចូលសម្រាកពេទ្យនៅមន្ទីរ ពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
ការពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានដាក់ទុយោក្នុងបំពង់ខ្យល់ ដើម្បីជំនួយការផ្តល់អុកស៊ីហ្សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ តែជាអកុសល មិនអាចជួយសង្គ្រោះបាន ហើយគាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៣០នាទីរសៀល។
ក្រសួងបានបញ្ជាក់ថា តាមសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសវ័យ ៤៦ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងផ្ចង់ធ្ងរ។
ក្រសួងសុខាភិបាល បានចូលរួមសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ជាជនជាតិខ្មែរចំនួន ៣នាក់ហើយបានស្លាប់បាត់បង់ជីវិត។ ដោយឡែកអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀតជាជនខ្មែរ និងជនជាតិចិន បានស្លាប់ក្នុងពេលកំពុងព្យាបាលដែរ តែបណ្តាលមកពីអាការៈផ្សេងដូចជាឡើងសម្ពាធឈាម និងអាការៈរើនៃគ្រឿងញៀន៕