(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង បានណែនាំឲ្យទូត ខ្មែរប្រចាំនៅប្រទេសថៃ រិះរកគ្រប់វិធី និងផ្តល់មេធាវី ដើម្បីការពារឲ្យកម្មករនេសាទខ្មែរ ៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន  បន្ទាប់ពីពួកគេបានរួមគ្នាចាប់រំលោភស្រ្តីជនជាតិបារាំង នៅលើកោះគុត។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា បន្ទាប់ពីទទួល បានព័ត៌មានថា កម្មករនេសាទខ្មែរ ៥នាក់ បានចាប់រំលោភស្រ្តីទេសចរណ៍ជនជាតិបារាំង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ម្សិលមិញនេះ  ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេស រួមនិងអាជ្ញាធរថៃ បានជិះឧទ្ធម្ភាគចក្ររួមគ្នាទៅកាន់កោះគុត កន្លែងកើតហេតុ។

នៅក្នុងសេចក្តីជូនព័ត៌មាន បានបញ្ជាក់ថា តាមរយៈការសាកសួររបស់ឯកអគ្គរាជទូតខ្មែរ កម្មករទាំង ៥នាក់ បានសារភាពថា ពួកគេ ពិតជាបានជាប់ពាក់ព័ន្ធលើករណី «រំលោភ និងប្រើហឹង្សា» ពិតប្រាកដមែន។ កម្មករទាំង ៥នាក់ បានឲ្យដឹងទៀតថា ការប្រព្រឹត្ត សកម្មភាពនេះ ដោយសារតែពួកគេស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

កម្មករខ្មែរបម្រើការលើទូកនេសាទរបស់ថៃទាំង ៥នាក់នេះ មានវ័យប្រមាណ ២៥ឆ្នាំ ហើយពួកគេត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួន រួម និងវត្ថុតាងទៅតុលាការខេត្តត្រាត ដើម្បីវិនិច្ឆ័យទោស។

បើទោះបីជាយ៉ាងណា ប្រមុខកាទូរកម្ពុជា បានបញ្ជាឲ្យឯកអគ្គរាជទូតខ្មែរនៅថៃ ត្រូវរិះរកគ្រប់វិធី ព្រមទាំងផ្តល់មេធាវី ដើម្បីការពារក្តី ឲ្យកម្មករនេសាទទាំង ៥នាក់នេះ។

បុគ្គលិកសណ្ឋាគារ សែនអ៉ិនស៊ីរីសត ស្ថិតក្នុងស្រុកកោះគុត ខេត្តត្រាត ប្រទេសថៃ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០  ១៦ ភ្ញៀវទេសចរ ៤នាក់ ប្រុសពីរនាក់ និងស្រីពីរនាក់ បាននាំគ្នាទៅដើរលេងកម្សាន្តតាមឆ្នេរសមុទ្រ ហើយក៏ត្រូវកម្មករខ្មែរទាំង ៥ នាក់ ស្ទុះទៅវាយ ព្រមទាំងបានចាប់រំលោភនារីពីរនាក់ និងប្រើហឹង្សាទៅលើបុរសរងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបន្តថា ក្រោយពេលចាប់រំលោភ ប្រជាពលរដ្ឋថៃជាង ៥០នាក់ និងកំលាំងតម្រួតបានចេញប្រតិបត្តិការទៅកាន់ចំណុច  កើតហេតុ និងដេញតាមចាប់ពលករបានទាំង ៥នាក់តែម្តង។

កម្មករខ្មែរទាំង ៥នាក់នេះ រួមមាន៖ ទី១. ឈ្មោះ ចឺន អាយុ ២៥ឆ្នាំ, ទី២. ឈ្មោះ យីម អាយុ ២៥ឆ្នាំ, ទី៣. ឈ្មោះ ផៃ អាយុ ២២ឆ្នាំ,  ទី៤. ឈ្មោះ បុត ណាម  អាយុ ២០ឆ្នាំ និងទី៥. ឈ្មោះ ធី អាយុ ២០ឆ្នាំ៕