(កោះកុង)៖ ដោយសារតែរដូវប្រាំងនៅឆ្នាំ ២០១៦នេះ មានរយៈពេលយូរដូចការជូនដំណឹងរបស់ក្រសួងធនធានទឹកនោះ បានធ្វើឲ្យ  ប្រភពផ្តល់ទឹកស្អាត ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្រកស្រុតជាលំដាប់ ជាហេតុធ្វើឲ្យប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់  ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនផ្គង់ទឹកស្អាត បានសម្រេចបិទទឹកនៅពេលយប់ ហើយបើកឲ្យប្រើប្រាស់តែពេលថ្ងៃប៉ុណ្ណោះ  ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន LYP គ្រុប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៦នេះ បានឲ្យដឹងថា ស្រះទឹកជាប្រភពទឹកឆៅ របស់ក្រុមហ៊ុនរដ្ឋាករទឹកកោះកុង បាននិងកំពុងស្រកចុះជាលំដាប់ ខណៈដែល ចំនួនប្រជាពលរដ្ឋ និងឧស្សាហកម្មកំពុងកើនឡើងច្រើននោះ បានធ្វើឲ្យការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេមរភូមិន្ទទាំងមូលប្រឈមការ ខ្វះខាតទឹក។

ក្រុមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះតទៅ ក្រុមហ៊ុន បើកទឹកឲ្យប្រើប្រាស់ចាប់ពីម៉ោង ៥ទៀបភ្លឺ ដល់ម៉ោង ៩ យប់តែប៉ុណ្ណោះ។ ការកំណត់ពេលវេលាបើកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីថែរក្សាបរិមាណទឹកស្អាតឲ្យមានគ្រប់គ្រាន់ សម្រាប់ ប្រើប្រាស់បានយូរអង្វែងក្នុងការស់នៅប្រចាំថ្ងៃ៕