(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ Fresh News ឡើងវិញថា លោក សៅ ពន្លឺ មេបញ្ជាការរងអាវុធហត្ថ ខេត្តកំពង់ស្ពឺ មិនមានសារធាតុញៀនក្នុងខ្លួននោះឡើយ រឿងរ៉ាវកើតឡើងនោះ មានតែឈ្លោះជាមួយស្រីស្នេហ៍របស់ខ្លួនបន្តិចបន្តួច ប៉ុណ្ណោះ ។

មន្រ្តីអាវុធហត្ថរូបនេះ បានបញ្ជាក់ថា «គាត់ (លោក សៅ ពន្លឺ) មិនមានសារធាតុញៀននោះទេ សូមកុំឲ្យមានការយល់ច្រឡំ ហើយក៏មិនបានយកទឹកនោម ទៅពិនិត្យអីដែរ រឿងកើតឡើងគឺជាមួយស្រីស្នេហ៍ គាត់បន្តិចបន្តួចប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោក សៅ ពន្លឺ ជាសាមីខ្លួនផ្ទាល់នោះ ក៏បានបដិសេធផងដែរថា រឿងរ៉ាវដែលបានកើតឡើងនេះ គឺតិចតួចជារឿង បុគ្គលប៉ុណ្ណោះ ហើយសម្រាប់ព៍ត៌មានដែលថា លោកមានសារធាតុញៀននោះ ក៏មិនពិតដែរ ដូច្នេះសូមមជ្ឈដ្ឋានទូទៅ កុំមានការភ័ន្តច្រឡំ។

បើតាមមន្រ្តីអាវុធហត្ថដដែលនេះ ក្រោយការសម្របសម្រួលរួចមក លោក សៅ ពន្លឺ ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា លោក សៅ ពន្លឺ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅផ្លូវកាច់ជ្រុងសាលាសន្ធរម៉ុក ខណ្ឌទួលគោក ក្រោយពីលោកមេបញ្ជាការរងរូបនេះ កើតជម្លោះ និងគំរាមកំហែងស្រីស្នេហ៍របស់ខ្លួនយ៉ាងខ្លាំងៗ។

មន្រ្តីអាវុធហត្ថខណ្ឌទួលគោក បានប្រាប់ថា ពិតជាមានការឃាត់ខ្លួន់លោក សៅ ពន្លឺ ពិតមែនប៉ុន្តែបាន បញ្ជូនទៅក្រុងភ្លាមៗផងដែរ៕