(​ណៃ​ពិដោ​)៖ សភាជាតិ​នៃ​សហភាព​មី​យ៉ាន់​ម៉ា (​ភូមា​) នឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ ខាងមុខនេះ មុន​កាលកំណត់ ដែល​សភា​ចំនួន​បី​ជាន់ថ្នាក់ នឹង​បញ្ជូន​បេក្ខភាព​របស់​ខ្លួន​មួយ​ក្រុម​ម្នាក់ៗ ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សិន​ហួរ នៅ​ថ្ងៃ​អង្គារ ទី​០១ ខែ​មីនា ឆ្នាំ​២០១៦​។​

​បេក្ខភាព​ទាំងបី​រូប​ខាងលើនេះ ត្រូវបាន​បញ្ជូន​មក​ពី សភាតំណាងរាស្ត្រ (​សភា​ជាន់​ទាប​), សភា​ជាន់ខ្ពស់​, និង​ក្រុម​តំណាងរាស្ត្រ ដែល​តែងតាំង​ដោយ​យោធា​។ បេក្ខភាព​ណា ដែល​ទទួលបាន​សំឡេង​គាំទ្រ​ច្រើនជាងគេ នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​១០ ខែ​មីនា នោះ​នឹង​ក្លាយ​ជា​ប្រធានាធិបតី ស្របពេល​ដែល​ពីរ​រូប​ផ្សេងទៀត នឹង​ក្លាយជា​អនុ​ប្រធានាធិបតី ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​

​គួរបញ្ជាក់​ថា ឈ្មោះ​បេក្ខភាព​ទាំង​បី​រូប នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រធានសភា ហើយ​បន្ទាប់​ពី​ប្រធានាធិបតី​ត្រូវ​បាន ជ្រើសតាំង​រួច ការបង្កើត​រដ្ឋាភិបាល​ថ្មី និង​ការផ្ទេរអំណាច​ទៅកាន់​ប្រមុខរដ្ឋ នឹង​ត្រូវ​ធ្វើឡើង នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ដែល​ត្រូវជា​ពេល​ផុតកំណត់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​៕​