(សៀមរាប)៖ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ក្រាបទីតាំង ល្បែងស៊ីសងខុសច្បាប់ (ល្បែងភ្នាល់កន្ទុយលេខ/ឆ្នោត) នៅក្រុងសៀមរាបចំនួន៤ទីតាំង និងឃាត់ខ្លួនមេឆ្នោតបាន១៥នាក់ (ស្រី៣នាក់) ខណៈដែលកាលពីសប្ដាហ៍មុន បានឃាត់ខ្លួន៣នាក់ រួចបានបញ្ជូនទៅតុលាការផងដែរ។

លោកវរៈសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា កាលពីពេញមួយថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបម្ចាស់ទីកន្លែងលក់ឆ្នោត (កត់កន្ទុយលេខ) ៤កន្លែង ដែលស្ថិតនៅសង្កាត់គោកចក ៣ទីតាំង និងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ១ទីតាំង។ ប្រតិបត្តិការពេញមួយថ្ងៃរហូតដល់រាត្រី សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងមេឆ្នោតបាន១៥នាក់ ក្នុងនោះស្រ្ដី១នាក់ ។

លោកបញ្ជាក់ថា ការបង្រ្កាបនេះ កម្លាំងនគរបាល ដោយមានការដឹកនាំផ្ទាល់បញ្ជាពី លោកព្រះរាជអាជ្ញារង ជួន សុបញ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបទីតាំងលក់ឆ្នោតធំមួយកន្លែងដែលធំ ស្ថិតនៅក្នុងក្រុមហ៊ុន cooltel ដែលមានទីតាំងនៅទល់មុខមន្ទីរពេទ្យកុមារ ជិតវិទ្យាល័យ១០មករា ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ។ ហើយនៅថ្ងៃនេះសមត្ថកិច្ច នឹងរៀបចំបញ្ជូនអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕