(ភ្នំពេញ)៖ កំពូលតារាចម្រៀង៣ដួង ​គឺលោក ព្រាប សុវត្ថិ , ឱក សុគន្ធកញ្ញា និង សុន ស្រីពេជ្រ បានស្ម័គ្រធ្វើជាឯកអគ្គរាជទូតសុឆន្ទៈ «ទីក្រុងស្អាត» ដើម្បីចូលរួមកម្មវិធី​ផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន​ និងយុទ្ធនាការសម្អាតទីក្រុងភ្នំពេញ ឲ្យកាន់តែមានសម្រស់ទាក់ទាញ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុន សមជាទីក្រុងគុជ បេះដូងសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ។

យោងតាមគេហទំព័រ Facebook របស់លោក គឹម គុណវឌ្ឍ អគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ថា កំពូលតារា ចម្រៀង ៣ដួងរបស់កម្ពុជា ស្ថិតនៅក្នុងផលិតកម្ម ហង្សមាស គឺ លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា សុន ស្រីពេជ្រ បានរួមគ្នាស្ម័គ្រចិត្ត​ ទទួល​យកភារ​កិច្ចធ្វើជា ឯកអគ្គរាជទូតសុឆន្ទៈ​ «ទីក្រុងស្អាត» របស់កម្ពុជា ។

ពិធីប្រកាសតែងតាំង តារាចម្រៀង៣ដួង ឲ្យក្លាយជា ឯកអគ្គរាជទូតសុឆន្ទៈ​ «ទីក្រុងស្អាត» របស់កម្ពុជា ត្រូវបានធ្វើឡើងក្នុងឱកាស អបអរទិវាជាតិទីក្រុងស្អាត លើកទី៤ ក្រោមប្រធានបទ «ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ  ទេសចរណ៍មានកំណើន» និងទិវាបិទ វេទិកាជាតិ «យុវជន និងទីក្រុងស្អាត »លើកទី១ក្រោមប្រធានបទ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្រោមអធិបតីភាព​ ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ ។

លោក នេប សាមុត អគ្គនាយកទេសចរណ៍ និងជាអគ្គលេខាធិកា គណៈកម្មាធិកាជាតិ វាយតម្លៃទីក្រុងស្អាត បានមានប្រសាសន៍ ប្រាប់ Fresh News ឲ្យដឹងនៅព្រឹកនេះ ថា មូលហេតុដែល​គណៈកម្មាធិកាជាតិ វាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធយុវជន កម្ពុជាបានជ្រើសរើសយកតារាចម្រៀង ទាំង៣ដួងខាងលើ ធ្វើជាឯកអគ្គរាជទូតសុឆន្ទៈ​«ទីក្រុងស្អាត» ដោយសារតែពួកគេ ជាតារាចម្រៀងល្បី និងមានឆន្ទៈខ្ពស់ ចង់​ចូលរួមជួយផ្សព្វផ្សាយ បញ្ជា្របការយល់ដឹង​ ដល់យុវជនកម្ពុជា ឲ្យមានការយល់ដឹងពី បញ្ហាបរិស្ថាន និងការថែរក្សាទីក្រុង ។ ម្យ៉ាងទៀតការងារនេះ គឺស្ថិតនៅក្នុងគោលការណ៍ស្ម័គ្រចិត្ត ដោយអ្នកទាំង៣បានស្ម័គ្រចិត្ត ចូលរួមក្នុងយុទ្ធនាការផ្សេងៗ ជាពិសេ​សកម្មវិធីតន្រ្តី តាមរយៈការងារសិល្បៈ ផ្ញើសារដល់យុវជនឯទៀត ឲ្យយល់ជ្រាប់កាន់តែច្បាស់ និងចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថាន និងទីក្រុងរបស់យើង។

លោកបន្តថា គណៈកម្មាធិកាជាតិ វាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងជ្រើសរើសតែងតាំង ឯកអគ្គរាជទូតសុឆន្ទៈ​ «ទីក្រុងស្អាត» រៀងរាល់២ឆ្នាំម្ដង ដោយការជ្រើសរើសនេះ ស្ថិតនៅក្នុងការស្ម័គ្រចិត្ត ជួយផ្សព្វផ្សាយ ក្នុងយុទ្ធនាការទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ជាពិសេសដោយមានការ ណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៥ ដោយសម្ដេចតេជោបានផ្ដល់អនុសាសន៍ណែនាំ ដើម្បីបញ្ជ្រាបការងារ ផ្សព្វផ្សាយ តាមរយៈសិល្បៈ ​ទើបគណៈកម្មាធិកាជាតិ វាយតម្លៃទីក្រុងស្អាត សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចជ្រើសរើសអ្នកសិល្បៈ ដែលមានទំនាក់ទំនងល្អ ជាមួយយុវជន និងអ្នកគាំទ្រ ផ្ដល់ជាសារខ្លីៗដល់ពួកគេតាមរយៈកម្មវិធី ប្រគំតន្រ្តីនានា ពីការងារបរិស្ថានរស់នៅ និងទេសចរណ៍។

ដោយឡែកកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបញ្ជាក់ក្នុងបណ្ដាញសង្គម Facebook របស់លោកថា "ថ្ងៃខ្ញុំបាទមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលបានចូលរួមក្នុងកម្មវិធី ទិវាជាតិទីក្រុងស្អាត លើកទី៤ ក្រោមប្រធានបទ «ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន» ហើយអ្វីដែលជារឿងសប្បាយចិត្ត មួយទៀតនោះ គឺខ្ញុំបាទបានស្ម័គ្រចិត្ត ទទួលយកភារកិច្ចធ្វើ ជាឯកអគ្គរាជទូតសុឆន្ទៈ «ទីក្រុងស្អាត» របស់កម្ពុជា។ រួមគ្នាដើម្បីសោភ័ណ្ឌភាព ទីក្រុងរបស់កម្ពុជាយើង" ៕

ដោយឡែកអ្នកស្រី អ៉ិន ថាច ម្ដាយបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រាប់ឲ្យដឹងថា ទាំងកញ្ញា​ជាកូន ក៏ដូចជាលោកស្រី ជាម្ដាយ ពិតជាសប្បាយរីករាយណាស់ ដើម្បីជួយចូលរួមផ្សព្វផ្សាយ កម្មវិធីទីក្រុងស្អាត ជួយដល់សង្គម ជាពិសេសបរិស្ថានរបស់ ទីក្រុងយើងទាំងអស់គ្នា ។ លោកស្រីបញ្ជាក់ថា កន្លងមកកូនកញ្ញា ក៏ធ្លាប់ជួយដល់ការងារសង្គមច្រើន ជាពិសេសកុមារ ហើយដោយមើលឃើញ សកម្មភាពទាំងអស់នេះ ទើបគណៈកម្មាធិកាជាតិ វាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធ​យុវជនកម្ពុជា បានជ្រើសរើសនាង ឲ្យធ្វើជាតំណាង ឯកអគ្គរាជទូសុឆន្ទៈ «ទីក្រុងស្អាត» ក្នុងប្រទេសកម្ពុជា គឺជួយដោយស័្មគ្រចិត្ត ពុំមានគិតកម្រៃ អ្វីទាំងអស់ ។

លោកស្រីក៏បានអំពាវនាវ ឲ្យយុវជនទាំងអស់ ចូលរួមឲ្យបានសកម្ម ក្នុងការងារបរិស្ថាន ព្រោះមានតែការចូលរួមទាំងអស់គ្នាទេ ទើបកិច្ចការនេះ ទទួលបានជោគជ័យ ហើយធ្វើឲ្យសោភណ្ឌភាព​ទីក្រុង របស់យើងស្អាត មានបរិយាកាសរស់នៅល្អ និងមានអនាម័យ ៕