(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងឲ្យដឹងថា រយៈពេល ១០ឆ្នាំ នេះ (២០០៦-២០១៦) កម្ពុជា បានបញ្ជូនកងកម្លាំងក្រោមទង់អង្គការសហប្រជាជាតិ ៣,៥៥៧នាក់ ចេញទៅរក្សាសន្តិភាពនៅតាម បណ្តាប្រទេសជួបសង្រ្គាម និងទើបបញ្ចប់សង្រ្គាម។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា បានក្លាយជាប្រទេសឈានមុខ ទី៣ ក្នុងតំបន់អាស៊ាន ដែលបានបញ្ជូនកងកម្លាំងទៅរក្សាសន្តិភាព។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរយៈ ពេល១០ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា បន្ទាប់ពីកម្ពុជា បានរំលត់ភ្លើងសង្រ្គា ដ៏ល្វីងជូរចត់ជាង ៣ទសវត្សរ៍ទាំងស្រុង នៅឆ្នាំ១៩៩៩ តាមការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា  មិនត្រឹមតែចង់រក្សាសន្តិភាពនៅក្នុងប្រទេសរបស់ខ្លួននោះទេ។ តែកម្ពុជា ក៏ចង់រក្សាសុខសន្តិភាពបណ្តាប្រទេសនៅលើពិភពលោក ផងដែរ។

ឈរលើទស្សនៈ និងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៥ ក៏បាន សម្រេចចិត្តអនុញ្ញាតឲ្យកងយោធពលខេមរភូមិន្ទចេញទៅបំពេញបេសកកម្មរក្សាសសន្តិភាព ឆ្លើយតបតាមការអំពាវនាវរបស់អគ្គ លេខាធិការអង្គការសហប្រជាជាតិ ហើយមួយឆ្នាំបន្ទាប់ពីការសម្រេចចិត្តនេះ គឺនៅឆ្នាំ២០០៦ កម្ពុជា ក៏បានបញ្ជូនកងកម្លាំងចេញ បេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។

ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ប្រទេសកម្ពុជា មានប្រវត្តិ ដ៏ជូរចត់ ធ្លាប់បានឆ្លងកាត់សង្រ្គាមបំផ្លិចបំផ្លាញអស់ជាង ៣ទសវត្ស។ ហេតុនេះ ទំរាំមានថ្ងៃនេះ យើងបានយល់ដឹងច្បាប់ណាស់អំពីការលំបាក់ ចំពោះប្រទេស និងប្រជាជន ដែលជួបសង្រ្គាម។ កម្ពុជា ផ្ទាល់ ក៏បានទទួលកងថែរក្សាសន្តិភាព អ៊ុនតាក់ ផងដែរ នៅឆ្នាំ១៩៩១។ នៅពេលកម្ពុជា បានទទួលសន្តិភាព កម្ពុជា ក៏ចង់ចូលរួម រក្សាសន្តិភាពនៅលើពិភពលោក ហើយធ្វើយ៉ាងណាកុំឲ្យមានសង្រ្គាមដូចនៅកម្ពុជា»

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានឲ្យដឹងដែរថា ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៣,៥៥៧នាក់  នារី ១១៨នាក់ ទៅបំពេញបេសកកម្ម នៅស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ-សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី ម៉ាលី អាហ្រ្វិកក ណ្តាល និងនៅកោះព្រុស លើជំនាញបោសសំអាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ តម្រួតសណ្តាប់ធ្នាប់ វិស្វកម្ម...។ បច្ចុប្បន្នកងកម្លាំង រក្សាសន្តិភាពរបស់កម្ពុជា ៨៨៨នាក់ បាននិងកំពុងបំពេញបេសកកម្មនៅប្រទេសនានា បើទោះបីមានឧបសគ្គ និងហានិភ័យខ្ពស់ ក៏ ដោយ ប៉ុន្តែកងកម្លាំងកម្ពុជា តែងតែសម្រេចជោគជ័យភារកិច្ច និងទទួលបានការកោតសរសើរពីសំណាក់អគ្គលេខាធិការ និងមន្រ្តីអង្គ ការសហប្រជាជាតិ។

ព្រោះតែការសម្រេចបាននូវការងារប្រកបដោយភាពជោគជ័យ និង អង្គអាចក្លាហាន របស់កងកម្លាំងរក្សាសន្តិភាពនេះហើយ បានធ្វើ ឲ្យកម្ពុជា ក្លាយទៅជាប្រទេសឈានមុខគេទៅ៣ នៅក្នុងតំបន់អាស៊ាន ដែលបានបញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាព បើទោះបីប្រ  ទេសមួយនេះទើបងើបចេញពីសង្រ្គាមក្រោយគេ ហើយមានស្ថានភាពសេដ្ឋកិច្ចនៅទន់ខ្សោយ ក៏ដោយនោះ៕