(ភ្នំពេញ)៖ បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតក្រោមការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនបញ្ជូនទៅកាន់តុលាការ អាចនៅល្ងាចថ្ងៃនេះ ឬក៏ថ្ងៃស្អែក។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា បុគ្គលរូបនេះមាន ឈ្មោះ តោ ចន្នី មុខរបរបើករថយន្តដឹកទំនិញរស់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ទាក់ទងទៅនឹងការផ្សាយព័ត៌មានមិនពិតលើការចាក់វ៉ាក់សាំងកូវីដ១៩។
លោកបានបន្តទៀតថា បន្ទាប់ពីឃើញវីដេអូផុសមានលក្ខណ:ញុះញ៉ង់ និងផ្សាយខុសពីការពិតទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩ នៅលើបណ្តាញសង្គម TikTok ភ្លាម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានបំពុលសង្គមម្នាក់នេះឲ្យបាន ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់។
លោកបន្តទៀតថា «ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបុរសរូបនេះ បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការការសាកសួរបន្ថែម និងក៏សាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់»។
ការចាប់ខ្លួននេះបានធ្វើឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈជននេះកំពុងបើកឡានចូលមករាជធានីភ្នំពេញ។
សូមជំរាបថា បុគ្គលរូបនេះបានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។ យ៉ាងណាមិញ ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះ កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនបានតែម្ដង៕