(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានរំលឹកឡើងវិញអំពីទង្វើអសីលធម៌របស់កងកម្លាំងអ៊ុនតាក់ (UNTAC) ដែលបានចម្លងអេដស៍ និងបង្កាត់កូននៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងទស្សវត្សឆ្នាំ១៩៩០ ហើយសម្តេចបានកោតសរសើរដល់ ទាហានមួកខៀវរបស់កម្ពុជា ដែលក្នុងរយៈពេល១០ឆ្នាំមកនេះ ពុំបានយកតម្រាប់តាមទាហាន អ៊ុនតាក់ទាំងនោះ។

ក្នុងពិធីបិទសន្និបាតកងកម្លាំងរក្សាសន្តិសុខកម្ពុជា របស់អង្កការសហប្រជាជាតិ នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា បទពិសោធន៍របស់ទាហាន អ៊ុនតាក់ ដែលបានមកជួយកម្ពុជា កាលពីជាង២០ឆ្នាំមុននោះ បានតម្រូវឱ្យកម្ពុជាចងក្រងជាក្រមសីលធម៌មួយសម្រាប់ទាហាន ដែលចេញទៅបំពេញបេសកកម្មនៅប្រទេសដទៃ។

សម្តេចលើកឡើងថា «រឿងនេះត្រូវដកពិសោធន៍ជាបន្ទាន់ កូនកាត់និងជំងឺអេដស៍ បានកើតយ៉ាងច្រើននៅសម័យអ៊ុនតាក់(UNTAC) នេះជារឿងពិត ដោយយោងលើ​បទពិសោធន៍​នោះហើយ បានជាទាហានមួកខៀវរបស់កម្ពុជាទាំងអស់ ត្រូវមើលឈាមឱ្យច្បាស់ មុននឹងបញ្ជូនចេញ ព្រោះកុំនាំអេដស៍ ពីកម្ពុជាទៅប្រទេសដទៃ ហើយក៏មិនទាន់ឮព័ត៌មានថា អស់លោកនាយទាហាន ពលទាហានបានបន្សល់ទុកកូននៅប្រទេស ដែលអស់លោកប្រតិបត្តិការនោះទេ»

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួក ចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ បានចំនួន៣.៥៥៧នាក់ ក្នុងបេសកកម្មបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្ដាប្រទេសនានា ក្នុងនោះមានប្រទេសស៊ូដង់, សូដង់ខាងត្បូង ឆាដ-សាធារណរដ្ឋអាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី និង អាហ្វ្រិកកណ្ដាល ជាដើម។

លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកម្លាំងទាហានមួកខៀវកម្ពុជា បានថ្លែងថា រយៈពេល១០ឆ្នាំ មកនេះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានបំពេញ​បេសកកម្ម ក្រោមស្លាកអង្គការសហប្រជាជាតិ បានពលីជីវិតចំនួន៤នាក់ និងរងរបួស៥នាក់ផងដែរ៕